Covid-19

ក្រសួងសុខាភិបាល ៖ ទោះពលរដ្ឋចាក់វ៉ាក់សាំងកូវីដជិត១០០% ក៏ដោយ តែត្រូវប្រយ័ត្ន ព្រោះស្ថានភាពជំងឺនេះ នៅតែកើនឡើង

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ទោះបីកម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួនជិត១០០%ក៏ដោយ ប៉ុន្តែត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះស្ថានភាពជំងឺកូវីដ-១៩ នៅតែកើនឡើង ។

គិតត្រឹមថ្ងៃទី២៣ កញ្ញា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន១២,៨២៣,៨៦៨នាក់។

ក្នុងពិធីទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៣លានដូស ដែលរារដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុនចិន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានថ្លែងថា «ទោះបីថា ប្រទេសកម្ពុជាយើងទទួលបានការចាក់វ៉ាក់សាំង ទៅលើប្រជាពលរដ្ឋ បានចំនួនច្រើនមែនទែន សឹងជិត១០០ភាគរយ ធៀបនឹងប្រជាពលរដ្ឋចម្រុះ ហើយកុមារទទួលវ៉ាក់សាំងជាបន្ដបន្ទាប់នេះ ប៉ុន្ដែស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្ដមានការកើនឡើង ហើយជាពិសេសការរាតត្បាត នៃវីរុសប្រភេទ ដែលតា កំពុងតែវៃលុកទៅលើខេត្តមួយចំនួនជាប់ព្រំដែន»។

លោកស្រីបន្ដថា រាជរដ្ឋាភិបាល ផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ គឺជាវិធានការដ៏ត្រឹមត្រូវបំផុត។ លោកស្រីថា ទោះបីផ្អាកធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្ដី ប៉ុន្តែប្រជាពលរដ្ឋបើចង់ទៅវត្តអាចយកទេយ្យទាន ឬចង្ហាន់ ប្រគេនចៅអធិការវត្ត ឬក៏គណៈកម្មការ ហើយទុកព្រះសង្ឃចាត់ចែងដោយផ្ទាល់ទៅ៕

To Top