Covid-19

ប៉ាគីស្ថាន មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង៣០០នាក់


ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលបញ្ជា និងប្រតិបត្តិការជាតិ ហៅកាត់ថា (NCOC) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសប៉ាគីស្ថាន បានកត់ត្រាករណីថ្មីចំនួន៣១៣ ករណីនៃអ្នកឆ្លងជំងឺកូវីដ-១៩ គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១.២៨១.៨៧២នាក់ ។


មជ្ឈមណ្ឌល NCOC ដែលជានាយកដ្ឋានដឹកនាំយុទ្ធនាការរបស់ប្រទេសប៉ាគីស្ថាន ប្រឆាំងនឹងជំងឺរាតត្បាតបានឲ្យដឹងថា មនុស្សសរុបចំនួន២៨.៦៥៩នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងការស្លាប់ចំនួន៤នាក់ដែលត្រូវបានរាយការណ៍នាពេលថ្មីៗនេះ ។

ខេត្ត Sindh ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយមានអ្នកឆ្លងជំងឺសរុបចំនួន ៤៧៤.០៥៨ករណី បន្ទាប់មកគឺខេត្ត Punjab ភាគខាងកើត ដែលមានអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន៤៤២.៤២២នាក់ ។

គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺចំនួន៣០៩នាក់ទៀតបានជាសះស្បើយ ដែលនាំឱ្យចំនួនសរុបនៃអ្នកជាសះស្បើយពីជំងឺកូវីដ-១៩កើនដល់១.២៣០.៧៣៤ នាក់ នៅក្នុងប្រទេសអាស៊ីមួយនេះ ។ នេះបើយោងតាម NCOC បានបញ្ជាក់ឲ្យដឹងដូច្នេះ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top