Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅអង់គ្លេស កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ២ថ្ងៃជាប់គ្នា

ឡុងដ៌៖ ជំរុញដោយការរីករាលដាលយ៉ាងឆាប់រហ័សនៃទម្រង់ឆ្លងថ្មីអូមីក្រុង Omicron ចក្រភពអង់គ្លេស បានចុះបញ្ជីចំនួនកំណត់ត្រានៃករណីឆ្លងមេរោគប្រចាំថ្ងៃ សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដែលមានចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

ករណីថ្មីសរុបចំនួន ៨៨,៣៧៦ករណីត្រូវបានរាយការណ៍ កើនឡើងពី ៧8,៦១០ករណីក្នុងរយៈពេល ២៤ម៉ោងមុន ដែលនាំឱ្យចំនួនករណីឆ្លងមេរោគសរុបនៅក្នុងប្រទេសដល់ ១១,០៩៧,៨៥១ករណី នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់កាលពីថ្ងៃពុធថា ករណី ឆ្លងមេរោគអូមីក្រុង Omicron មានចំនួន ១៦៩១ករណី ផ្សេងទៀតត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេស ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតចាប់តាំងពីទម្រង់ថ្មីនៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញនៅក្នុងប្រទេស ដោយធ្វើឱ្យករណីអូមីក្រុង សរុបដែលបានរកឃើញនៅក្នុងប្រទេសដល់ទៅ ១១,៧០៨ករណី។

ប្រទេស នេះ ក៏ បាន រាយការណ៍ ពី ការ ស្លាប់ ដែល ទាក់ ទង នឹង ជំងឺ កូវីដ -១៩ បន្ថែម ទៀត ចំនួន ១៤៦ នាក់។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងមេរោគឆ្លងនៅក្នុងប្រទេសអង់គ្លេសឥឡូវនេះមានចំនួន ១៤៦,៩៣៧នាក់ ដោយមានអ្នកជំងឺកូវីដ-១៩ ចំនួន ៧៥៧៩នាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ។

ផ្ទាំងពាណិជ្ជកម្ម

ទិន្នន័យចុងក្រោយបំផុតបានកើតឡើងនៅពេលដែលលោក Susan Hopkins ដែលជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់ UKHSA បានលើកឡើងថា រាល់មនុស្សដែលឆ្លងមេរោគអូមីក្រុង ត្រូវបានគេជឿថាកំពុងឆ្លងទៅមនុស្សចន្លោះពី ៣ ទៅ ៥ នាក់ផ្សេងទៀតជាមធ្យម។

លោក Hopkins បានប្រាប់សមាជិកសភានៅគណៈកម្មាធិការសុខភាពទូទៅថា សម្រាប់អូមីក្រុង វ៉ាឡង់ R នៅចក្រភពអង់គ្លេសគឺនៅចន្លោះពី ៣ ទៅ ៥ ហើយទម្រង់នេះកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដែលមានទំហំទ្វេដងរៀងរាល់ពីរថ្ងៃម្តង។ គួរបញ្ជាក់ថា វ៉ាឡង់ R បច្ចុប្បន្ននៃការរីករាលដាលនៃទម្រង់ដែលតា ក្នុងប្រទេសអង់គ្លេសត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១.១ និង ១.២៕

ដោយ ឈូក បូរ៉ា

To Top