Covid-19

ថៃឡង់ដ៏ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីជាង៨.០០០នាក់


បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថាមាន៨.៤៥០ករណីនៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមានអ្នកស្លាប់បន្ថែម២៨នាក់គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។


ករណីឆ្លងសរុបប្រចាំថ្ងៃនៅក្នុងប្រទេសបានកើនឡើងសម្រាប់ថ្ងៃទី៣ ជាមួយគ្នានេះមានរដ្ឋធានីបាងកក សាមុតសាខន ណន់ថាបុរី ឈុនបុរី និងភូកេតដែលបានកត់ត្រាច្រើនជាងគេបំផុត ។


លោក Apisamai Srirangsan អ្នកនាំពាក្យមកពីមជ្ឈមណ្ឌលខាងលើ បានឲ្យដឹងថា មានការប្រមូលផ្តុំគ្នាត្រូវបានរកឃើញជាសាធារណៈ និងតាមសាលាឯកជននានា មតេយ្យ និងកន្លែងមើលថែកុមារនៅទូទាំងប្រទេស ។ ដោយបានបន្ថែមថា ហានិភ័យទាំងឡាយបានកើតឡើងពីសកម្មភាពជាច្រើន ដូចជា កីឡា និងការជប់លៀងផ្សេងៗដែលមិនបានពាក់ម៉ាស់មុខ និងនៅពេលជួបជុំគ្នាហូបចុករួមគ្នា ។


មជ្ឈមណ្ឌលខាងលើក៏បានរាយការណ៍ថា ជិត៩០ភាគរយនៃអ្នកស្លាប់ថ្មីដែលបានកត់ត្រាក្នុងចំណោមអ្នកជំងឺដែលមានអាយុ៦០ឆ្នាំឬអ្នកជំងឺទាំងឡាយណាដែលមានជំងឺប្រចំាកាយច្រើន ។


ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៏មួយនេះ បានពន្លឿនដល់ការចាក់វ៉ាក់សាំង ខណៈដែលប្រទេសនេះត្រៀមលក្ខណៈសម្រាប់បន្តគម្រោងការសម្រាប់អ្នកទេសចរដោយមិនចាំបាច់ធ្វើចត្តាឡីស័កដែលទទួលការចាក់ថ្នាំបានគ្រប់កម្រិតចាប់ពី ថ្ងៃទី១ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top