សេដ្ឋកិច្ច

ថ្ងៃឆ្លងឆ្នាំសកល មានភ្ញៀវទេសចរ ជិត ៧០ម៉ឺននាក់ ចេញដើរលេងកម្សាន្ត នៅទូទាំងប្រទេស


ភ្នំពេញ៖ នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ មានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់បានចេញដើរលេងកម្សាន្ត នៅទូទាំងប្រទេសក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។ ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ គឺមានភ្ញៀវជាតិចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ២,៦៥៨ នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២ មករា ២០២១នេះបានបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
− រាជធានីភ្នំពេញ៖ ៥០០.១៦៦ នាក់
− ខេត្តព្រះសីហនុ៖ ៥១.៥៧០ នាក់
− ខេត្តកែប៖ ៥១.១៦៨ នាក់
− ខេត្តសៀមរាប៖ ២៥.២០៤ នាក់
− ខេត្តកំពត ៖ ១៨.៨៧០ នាក់
− ខេត្តកំពង់ស្ពឺ៖ ១១.៧៨៧ នាក់
− ខេត្តបាត់ដំបង ៖ ៦.៥៤០ នាក់
− ខេត្តកំពង់ចាម៖ ៦.៤៩៨ នាក់
− ខេត្តកោះកុង៖ ៣.១១៦ នាក់

ជាការគួរកត់សម្គាល់លើចំណុចសំខាន់ៗ ដូចខាងក្រោម៖
− ខុសពីរាល់ឆ្នាំ ឆ្នាំនេះមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំដែលមានការរៀបចំ ជាកម្មវិធីនោះទេ។ ដោយឡែកចំពោះរាជធានីភ្នំពេញ តាមការវាយតំលៃបឋមរបស់អាជ្ញាធរ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមានឈ្នះឈ្នះជាដើម ។
−ភ្ញៀវទេសចរងបងប្អូនប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តឆ្លងឆ្នាំនៅតាមគោលដៅទេសចរណ៍តាមរាជធានី ខេត្ត ពិសេសគោលដៅសំខាន់ៗដូចបានជម្រាបជូនខាងលើ។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញៗ។
− ដោយឡែក បងប្អូនប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្ត ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀត បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំ នៅតាមភោជនីយដ្ឋាន ពិសេសនៅតាម Sky Bar នានា។
− បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានារហូតដល់ចុងសប្តាហ៍។
− ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ។
− គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានខិតខំអនុវត្តន៏តាមប្រសាសន័ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។

ដោយឡែក កន្លែងដែលមានការប្រមូលផ្តុំច្រើន ដូចជាតាមបណ្តោយទន្លេចតុមុខ និងផ្សាររាត្រី (Pub Street) នៅសៀមរាបជាដើម មានការចុះពិនិត្យ និងណែនាំដិតដល់ពីគណៈបញ្ជាការឯកភាពរាជធានី ខេត្ត៕

To Top