ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃកាលពី ថ្ងៃចន្ទ ខណៈអ្នកវិនិយោគកំពុងរង់ចាំកិច្ចប្រជុំ សំខាន់របស់អង្គការប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្ត ដែលគេស្គាល់ជាសមូហភាព ថា ជា OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកុម្ភៈ បានបន្ថែម ៨៧សេន ឬ ១,២ ភាគរយដើម្បីទូទាត់នៅតម្លៃ ៧៦,៨ដុល្លារអាមេរិកក្នុងមួយធុងនៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមីនា បានកើនឡើង ១,២ដុល្លារ ឬ ១,៥ ភាគរយ មកបិទនៅតម្លៃ ៧៨,៩៨ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។
អង្គការ OPEC+ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ តាមរយៈសន្និសីទវីដេអូ ដែលសម្ព័ន្ធភាពប្រេងត្រូវបានគេរំពឹងថា នឹងសម្រេចថាតើត្រូវបន្តបង្កើនទិន្នផលនៅក្នុងខែកុម្ភៈឬយ៉ាងណា។
សម្រាប់ឆ្នាំ២០២១ WTI និង Brent ទាំងពីរបានកើនឡើងច្រើនជាង ៥០ភាគរយដោយសន្ទស្សន៍គោលរបស់សហរដ្ឋអាមេរិក បានប្រកាសពីការកើនឡើងភាគរយខ្លាំងបំផុតរបស់ខ្លួន ដោយផ្អែកលើកិច្ចសន្យាមុនខែ ចាប់តាំងពីឆ្នាំ២០០៩ ហើយសន្ទស្សន៍ គោលសកលបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៦៕
ដោយ ឈូក បូរ៉ា