ភ្នំពេញ ៖ ឯម រាមដែលគេស្គាល់តាមរយៈការតុបតែងខ្លួនប្លែកៗនោះ បានបង្កបញ្ហាទៀតហើយ ដោយសារតែបញ្ចេញ រូបភាព២សន្លឹក ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនមានលក្ខណៈ បែបអាសអាភាសធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ ។ ក្នុងរូបភាពទាំង២សន្លឹក របស់បុគ្គលឯមរាមដែលចាត់ទុកខ្លួនឯងជាអ្នកបង្ហាញម៉ូដនោះ គឺគ្មានការស្លៀកពាក់អ្វីទាំងអស់ ដោយគ្រាន់តែយកស្ទីកឃ័រមកបិទបាំងកន្លែងពិសេសរបស់ខ្លួនប៉ុណ្ណោះ ។
ចំណុចទាំងអស់នេះដោយសារមិនសាកសមជាខ្មែរ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យឯម រាមលុបចេញជាបន្ទាន់ ផង ដែរ ហើយសង្ឃឹមថា លោកនឹងបញ្ឈប់រាល់សកម្មភាព បង្ហោះរូបធ្វើឲ្យប៉ះពាល់ដល់វប្បធម៌និងប្រពៃណី ជាតិខ្មែរទៀត ។
បន្ទាប់ពីមានការស្នើឲ្យលុបចេញពីសំណាក់ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ កាលពីប្រមាណជា១១ ម៉ោងមុននោះ បើមកមើលក្នុងហ្វេសប៊ុកឯមរាម គឺបានលុបចេញហើយ ។ ក្នុងករណី លោកមិនព្រមលុបចេញទេ ក្រុមប្រឹក្សាវិន័យ នឹងចាត់វិធានទៅតាមផ្លូវច្បាប់ដែលមានជាធរមាន។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងវប្បធម៌។
ហ្វេសប៊ុករបស់ក្រសួងវប្បធម៌បន្តថា “លោក ឯម រាម បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។ ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោក បានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ តម្រូវឲ្យលោក ឯម រៀម លុបរូបភាពនោះជាបន្ទាន់ចេញពីគ្រប់បណ្តាញផ្សព្វផ្សាយសង្គម”។
ក្រសួងវប្បធម៌និងក្រុមប្រឹក្សាវិន័យសង្ឃឹមថា “លោក ឯម រាម នឹងបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែល នាំឲ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែល លោកមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយ្យធម៌ខ្ពង់ខ្ពស់ជាក់ជាពុំខាន” ។
សូមបញ្ជាក់ថា សកម្មភាពរបស់ឯម រាមនេះ មិនមែនជាលើកដំបូងនោះទេ គឺតែងតែបញ្ចេញរូបភាពអាស អាភាសជាញឹកញាប់ ហាក់ដូចជាផ្គើន នឹងក្រសួងវប្បធម៌ដែលជាអាណាព្យាបាល ៕