បរទេស៖ ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ៧៤ នាក់គិតត្រឹមល្ងាចថ្ងៃសុក្រ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំងក្លានៅទូទាំងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមរបាយការណ៍ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត ដោយយ៉ាងហោចណាស់មានមនុស្ស ៨៩ នាក់បានបាត់ខ្លួនគិតត្រឹមល្ងាចថ្ងៃសុក្រ។
អាកាសធាតុអាក្រក់ដែលបង្កឡើងដោយព្យុះទីហ្វុង Yagi ដែលជាព្យុះខ្លាំងបំផុតដែលវាយលុកអាស៊ីក្នុងឆ្នាំនេះ បានសម្លាប់មនុស្សរាប់រយនាក់ក្នុងប្រទេសវៀតណាម និងប្រទេសថៃ ហើយទឹកដែលហូរចេញពីទន្លេដែលហូរហៀរបានជន់លិចទីក្រុងនៅក្នុងប្រទេសទាំងពីរ។
ទឹកជំនន់នៅមីយ៉ាន់ម៉ាបានចាប់ផ្តើមកាលពីថ្ងៃចន្ទមុន ហើយមនុស្សយ៉ាងតិច១៩នាក់បានស្លាប់នៅព្រឹក ថ្ងៃសុក្រ។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២១ ហើយអំពើហិង្សាបានលេបត្របាក់ផ្នែកធំនៃប្រទេសក្រីក្រនេះ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ភ្លៀងធ្លាក់បង្កដោយព្យុះនេះភាគច្រើនបានប៉ះពាល់ដល់រដ្ឋធានី Naypyidaw ក៏ដូចជាតំបន់ Mandalay, Magway និង Bago រួមជាមួយនឹងរដ្ឋ Shan ភាគខាងកើត និងភាគខាងត្បូង រដ្ឋ Mon, Kayah និង Kayin ៕
ប្រែសម្រួលៈ ណៃ តុលា