ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីលថា ចិននិងប្រេស៊ីលកើតមក​​ ដើម្បីដើរជាមួយគ្នា តែលោកគ្មានការប្តេជ្ញាចិត្ត ​ចុះហត្ថលេខា លើគម្រោងគំនិតផ្តួចផ្តើម​ ខ្សែក្រវ៉ាត់ និងផ្លូវ របស់ចិនឡើយ

បរទេស៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានជួបសមភាគីចិន គឺលោកស៊ីជីនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រដោយភាគីទាំងពីរសន្យាថា នឹងធ្វើឱ្យប្រសើរឡើង នូវការវិនិយោគទ្វេភាគី ប៉ុន្តែគ្មានការប្តេជ្ញាចិត្ត ពីប្រេស៊ីល ក្នុងការចុះហត្ថលេខា លើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនឡើយ។

យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួបានរាយការណ៍ថា លោកស៊ីបានប្រាប់លោក Bolsonaro ថាប្រទេសចិននិងប្រេស៊ីល គួរតែបន្តគាំទ្រ ដល់ការអភិវឌ្ឍទៅវិញទៅមក ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ទំនាក់ទំនងការទូត និងជំរុញភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរបស់ពួកគេ។

លោក ស៊ី ត្រូវបានដកស្រង់សម្តីដែលថា « នេះគឺជាការសម្រេចចិត្ត ជាយុទ្ធសាស្ត្ររបស់យើង និងជម្រើសរយៈពេលវែង។ វានឹងទប់ទល់នឹងការសាកល្បង នៃការផ្លាស់ប្តូរ សកលដ៏ធំមួយ ហើយនឹងមិនត្រូវរង្គោះរង្គើ ឬរងឥទ្ធិពលពីឥទ្ធិពលខាងក្រៅ» ។

យោងតាមស៊ីនហួ មេដឹកនាំទាំងពីរបានទទួលស្គាល់ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ “ អាចត្រូវបានផ្សារភ្ជាប់” ជាមួយនឹងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ប្រេស៊ីល ប៉ុន្តែប្រទេសប្រេស៊ីល មិនបានប្តេជ្ញាចិត្តច្បាស់លាស់ ក្នុងការចុះហត្ថលេខា លើផែនការហេដ្ឋារចនាសម្ព័ន្ធ និងផែនការភ្ជាប់ដ៏មានមហិច្ឆតា របស់ចិនឡើយ។

ប្រទេសចិនបានផ្សព្វផ្សាយផែនការ ដែលមានទឹកប្រាក់ច្រើនកោដិដុល្លារ ជាកិច្ចព្រមព្រៀង ផ្តល់ផលប្រយោជន៍ដល់ដៃគូផ្សេងៗ ប៉ុន្តែវាក៏បានទទួលការរិះគន់ យ៉ាងខ្លាំងផងដែរ ពីបណ្តាប្រទេសនានា ដូចជាសហរដ្ឋអាមេរិកថា វាជា“ អន្ទាក់បំណុល” សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលពាក់ព័ន្ធទៅវិញ។

នៅក្នុងវេទិកាដាច់ដោយឡែកមួយ កាលពីថ្ងៃសុក្រ លោក Bolsonaro បាននិយាយថា «ប្រទេសចិននិងប្រេស៊ីល បានកើតមកដើម្បីដើរជាមួយគ្នា ហើយរដ្ឋាភិបាលទាំងពីរ បានចុះសម្រុងគ្នា តាមរបៀបមួយដែលឈានដល់ ទំនាក់ទំនងពាណិជ្ជកម្ម និងជំនួញរបស់យើង»។ នេះបើតាម Bloomberg។

នៅក្នុងវេទិកានោះដែរ លោកឧបនាយករដ្ឋមន្រ្តី ហ៊ូឈុនហួ បានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនការនាំចូលទំនិញកសិកម្ម និងឧស្សាហកម្ម ពីប្រទេសប្រេស៊ីល ហើយប្រទេសទាំងពីរ អាចធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ។

ក៏ដូចជាចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក នៅប្រទេសស៊ីលីផងដែរ លោកស៊ី រំពឹងថា នឹងធ្វើទស្សនកិច្ចនៅប្រទេសប្រេស៊ីល នៅខែក្រោយ សម្រាប់កិច្ចប្រជុំកំពូល ប្រចាំឆ្នាំ BRICS របស់មេដឹកនាំមកពីប្រទេស ដែលមានសេដ្ឋកិច្ចលេចធ្លោ។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រេស៊ីល អស់រយៈពេល មួយទសវត្សរ៍ហើយ គឺជាប្រភពដ៏សំខាន់ នៃការវិនិយោគបរទេស។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតខ្ពស់បំផុតគឺ ១០០ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយប្រទេសចិន គឺជាអ្នកទិញធំបំផុត នៃការនាំចេញរបស់ប្រេស៊ីល ដែលភាគច្រើន ជាទំនិញដូចជាសណ្តែកសៀង កប្បាស និងពោត។

ប្រទេសប្រេស៊ីលបានត្រៀមខ្លួន លក់សណ្តែកសៀងបន្ថែមទៀត ទៅប្រទេសចិន ចំពេលមានសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិកនិងចិន ហើយក៏សង្ឃឹមថា នឹងបង្កើនការនាំចេញសាច់ផងដែរ នៅពេលដែលប្រទេសចិន កំពុងដោះស្រាយផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ នៃការរាតត្បាតប៉េស្តជ្រូកអាហ្វ្រិក៕
ប្រែសម្រួលៈ ណៃ តុលា

To Top