បរទេស៖ អគ្គលេខាធិការរបស់ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកូរ៉េខាងជើង ទើបបានបាញ់តេស្តសាកល្បងនូវអាវុធពីរគ្រាប់ ចូលទៅក្នុងសមុទ្រ នៅពេលល្ងាចថ្ងៃព្រហស្បតិ៍នេះ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា គ្រាប់នោះ គឺត្រូវបានបាញ់ចេញឆ្ពោះទៅសមុទ្រខាងកើត នៅម៉ោងប្រហែល៤និង ៥៩នាទីល្ងាច ពីខេត្ត South Hamgyong ដែលស្ថិតនៅលើតំបន់ឆ្នេរខាងកើតនៃប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថា ការបាញ់តេស្តអាវុធនេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង រាយការណ៍ថា កងកម្លាំងយោធារបស់ខ្លួន បានប្រារព្ធធ្វើសមយុទ្ធបាញ់កាំភ្លើងធំ នៅជិតព្រំដែនសមុទ្រមាន ជម្លោះមួយ ជាប់ប្រទេសកូរ៉េខាងត្បូង ហើយការបាញ់នេះ ហាក់បំពានទៅនឹងកិច្ចព្រមព្រៀង ធ្វើឡើងក្នុងខែកញ្ញា រវាងទីក្រុងព្យុងយ៉ាងនិង ទីក្រុងសេអ៊ូល៕ ប្រែសម្រួល៖ប៉ាង កុង