ហុងកុង៖ ប្រជាជនជិត ១០០ នាក់ កាលពីរសៀលថ្ងៃអង្គារ បានប្រមូលផ្តុំគ្នា នៅតំបន់ Chater Garden នៅកណ្តាលទីក្រុងហុងកុង ដើម្បីតវ៉ាប្រឆាំងនឹងការចុះហត្ថលេខា របស់រដ្ឋបាលសហរដ្ឋអាមេរិក លើអ្វីដែលហៅថាច្បាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង ឆ្នាំ ២០១៩ ទៅក្នុងច្បាប់។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រជាជននៅឯកន្លែង ធ្វើបាតុកម្មបានស្រែកបន្ទរ ខណៈកំពុងកាន់ទង់ជាតិប្រទេស និងក្នុងតំបន់ថា « ហុងកុងគឺជាផ្នែកមួយនៃ ទឹកដីរបស់ចិន» និងពាក្យ « កិច្ចការផ្ទៃក្នុងរបស់ហុងកុង មិនគួរត្រូវបានជ្រៀតជ្រែក ដោយសហរដ្ឋអាមេរិកឡើយ» ។
ពួកគេបានបង្ហាញផ្ទាំងបដាដែលសរសេរថា « ថ្កោលទោសអនុត្តរភាពរបស់សហរដ្ឋអាមេរិកចូលហុងកុង និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន” ។
បន្ទាប់ពីការប្រមូលផ្តុំគ្នាហើយ អ្នកទាំងជិត ១០០នាក់នោះ បានដើរក្បួនទៅកាន់ស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅហុងកុង ដោយគ្រវីទង់ និងស្រែកពាក្យស្លោកនៅតាមផ្លូវ។ ពួកគេបានដាក់លិខិតតវ៉ាទៅអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅពេលពួកគេទៅដល់ទីនោះផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា