ព័ត៌មានអន្តរជាតិ

លោកអាបេ សង្ឃឹមជំនួបជាមួយនឹងលោកមូន ក្នុងពេលដែលបញ្ហាតានតឹង រវាងជប៉ុននិងកូរ៉េខាងត្បូង

តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែធ្នូនេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូអាបេ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកមូនជេអ៊ីន នៅខាងក្រៅកិច្ចប្រជុំកំពូលត្រីភាគី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃអង្គារ នៅទីក្រុងឆេងឌូ ខេត្តស៊ីឈួន ប្រទេសចិន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល អ្នកទាំងពីរដែលមិនធ្លាប់ បានធ្វើកិច្ចចរចាជាផ្លូវការណាមួយ ក្នុងរយៈពេលប្រហែល១៥ខែចុងក្រោយនេះ នឹងត្រូវបានគេរំពឹងថា នឹងអាចដោះស្រាយភាពជូរចត់ នៃចំណងទាក់ទងរវាងប្រទេសទាំងពីរ ដែលបានរារាំងទំនាក់ទំនងការទូត និងពាណិជ្ជកម្មរបស់ពួកគេ នាពេលប៉ុន្មានខែនេះ។

មេដឹកនាំជប៉ុនរូបនេះ ក៏បាននិយាយផងដែរថា លោកសង្ឃឹមថា នឹងពិភាក្សាអំពីបញ្ហានៃការបង្ខំ ឲ្យមានការធ្វើពលកម្មរបស់ជនជាតិកូរ៉េ ក្នុងកំឡុងពេលដែលជប៉ុន កាន់កាប់នៅសម័យសង្គ្រាមឧបទ្វីបកូរ៉េ ដែលជាបញ្ហាដែលកំពុងកើតឡើង រវាងប្រទេសទាំងពីរ ដែលនាំទៅដល់តុលាការកំពូល នៅកូរ៉េខាងត្បូង និងការបញ្ជាឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន បង់ប្រាក់សំណងទៀតផង៕

ប្រែសម្រួល:ស៊ុនលី

To Top