បរទេស ៖ ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការអំពាវនាវ ឲ្យប្រទេសអ៊ីរ៉ង់ ឈប់ធ្វើទង្វើប្រកប ដោយហិង្សាណាមួយ និងជំរុញអ៊ីរ៉ង់ ឲ្យវិលត្រឡប់ទៅគោរព ការរៀបចំ ដែលមាននៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ឆ្នាំ២០១៥ ធ្វើឡើងជាមួយមហា អំណាចពិភពលោក ។
ក្រៅពីនេះ ប្រទេសទាំង៣នេះ ក៏បានបង្ហាញនូវសារៈសំខាន់ នៃការបញ្ឈប់មិនឲ្យមានភាពតានតឹងកើនឡើង នៅក្នុងប្រទេសអ៊ីរ៉ាក់ និងក្នុងប្រទេសអ៊ីរ៉ង់ និងបានធ្វើការអះអាង បញ្ជាក់អំពីការប្តេជ្ញារបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រទេសទាំង៣នេះ បាននិយាយប្រាប់ដូច្នេះថា “យើងបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់យើង ចំពោះការបន្តប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម ដែលនៅតែជាអាទិភាពចម្បង ហើយចំពោះរឿងនេះ វាសំខាន់ខ្លាំងណាស់ ដែលយើងត្រូវរក្សាសម្ពន្ធភាព។ យើងអំពាវនាវឲ្យអាជ្ញាធរអ៊ីរ៉ាក់ បន្តផ្តល់ការគាំទ្រដ៏ចាំបាច់ ដល់កងកម្លាំងចម្រុះ”។
“យើងត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចពិភាក្សាគ្នា ជាមួយគ្រប់ភាគីទាំងអស់ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ភាពតានតឹង និងបង្កើតឲ្យមានជាថ្មីឡើងវិញ នូវស្ថិរភាពក្នុងតំបន់”៕
ប្រែសម្រួល៖ប៉ាង កុង