បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានទទូចដល់ប្រទេស កាហ្សាក់ស្ថាន ឱ្យចូលរួមជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធលើ រដ្ឋាភិបាលទីក្រុងប៉េកាំង លើការប្រព្រឹត្តរបស់ខ្លួនទៅលើ ជនជាតិភាគតិចមូស្លីមដែលជាបញ្ហា រសើបសម្រាប់ប្រជាជាតិអាស៊ីកណ្តាល ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រទេសជិតខាងរបស់ខ្លួនចិន ។
យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី NUR-SULTAN លោក Pompeo បាននិយាយថា លោកបានលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានលោក Mukhtar Tleuberdi ។
លោក Pompeo បានមានប្រសាសន៍ថា «យើងបានពិភាក្សាពីការជួញដូរមនុស្ស និងស្ថានភាពធ្ងន់ធ្ងរ របស់ប្រជាជនមូស្លីមអ៊ុយហ្គ័រ និងជាតិសាសន៍កាហ្សាក់ ជាងមួយលាននាក់ ដែលគណបក្សកុម្មុយនិស្តចិន បានឃុំខ្លួននៅស៊ីនជាំង ឆ្លងកាត់ព្រំដែនកាហ្សាក់ស្ថាន” ។
លោកបានបន្ថែមថា “សហរដ្ឋអាមេរិកទទូច ដល់ប្រទេសទាំងអស់ឱ្យចូលរួម ជាមួយយើងក្នុងការជំរុញឲ្យ មានការបញ្ឈប់ជាបន្ទាន់ចំពោះការបង្ក្រាបនេះ។ យើងស្នើសុំឲ្យពួកគេផ្តល់ជម្រកសុវត្ថិភាព និងសិទ្ធិជ្រកកោនដល់អ្នក ដែលកំពុងរត់ភៀសខ្លួនពីប្រទេសចិន” ។
អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សប៉ាន់ស្មានថា ប្រជាជនចន្លោះពី ១លានទៅ ២លាននាក់ ដែលភាគច្រើនជាជាតិសាសន៍មូស្លីមអ៊ុយហ្គ័រ ត្រូវបានឃុំខ្លួនក្នុងស្ថានភាពដ៏លំបាក ដែលជាផ្នែកមួយនៃអ្វីដែល រដ្ឋាភិបាលទីក្រុងប៉េកាំងហៅថា យុទ្ធនាការប្រឆាំងនឹងអំពើភេរវកម្ម។
ប្រទេសចិនបានបដិសេធ ម្តងហើយម្តងទៀតរាល់ការ ធ្វើបាបជនជាតិអ៊ុយហ្គ័រ ហើយនិយាយថា ជំរុំផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទីក្រុងប៉េកាំងក៏ពិព៌ណនាថា ជនជាប់ឃុំជានិស្សិត។
ទាំងសហរដ្ឋអាមេរិក និងចិន ដែលជាប់នៅក្នុងជម្លោះដ៏ធំមួយ ស្តីពីពាណិជ្ជកម្មនិងបញ្ហាផ្សេងៗទៀត គឺជាវិនិយោគិនធំនៅប្រទេសកាហ្សាក់ស្ថាន ដែលជាអតីតសាធារណរដ្ឋសូវៀត។
លោក Pompeo បាននិយាយនៅលើបណ្តាញសង្គម Twitter ថា លោកបានជួបក្រុមគ្រួសារ ជនជាតិភាគតិចកាហ្សាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងខេត្ត ស៊ីនជាំង ប្រទេសចិន។ លោកក៏បានកោតសរសើរ កាហ្សាក់ស្ថានដែលមិនបាន បង្ខំឲ្យ អ្នកស្វែងរកសិទ្ធិជ្រកកោន វិលត្រឡប់មកប្រទេសចិនវិញ ។
លោក Pompeo បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងជួយប្រទេសកាហ្សាក់ស្ថាន ដែលសំបូរប្រេង ដើម្បីឱ្យប្រទេសមួយនេះ ការពារខ្លួនពីវីរុសអ៊ូហាន ឬកូរ៉ូណាវីរុសដែលផ្ទុះឡើងពីប្រទេសចិន ៕
ប្រែសម្រួលៈ ណៃ តុលា