ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាមគាំទ្រ ដោយតួកគីបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រស៊ីរី នៅក្នុងតំបន់ Idlib

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគី Anadolu បាននិយាយនៅថ្ងៃសុក្រនេះថា ពួកឧទ្ទាមស៊ីរីគាំទ្រដោយតួកគី បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររដ្ឋាភិបាលស៊ីរីមួយគ្រឿង នៅខាងលិចទីក្រុងអាឡេប៉ូ ក្នុងតំបន់ Idlib ប្រទេសស៊ីរីភាគពាយព្យ ជាទីដែលអំពើហិង្សានិងការបោះបង់ផ្ទះសម្បែង បានកើនឡើងខ្លាំង នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ 

ប្រភពពីយោធាពួកឧទ្ទាម និងសាក្សីឃើញហេតុការណ៍ បាននិយាយប្រាប់សារព័ត៌មានថា យន្តហោះរុស្ស៊ី កំពុងតែផ្តោតគោលដៅនានា នៅតាមតំបន់ជនបទខាងលិច ទីក្រុងអាឡេប៉ូ កាលពីព្រឹកថ្ងៃសុក្រ ប៉ុន្តែយន្តហោះទាំងនោះ បានគេចត្រឡប់ទៅវិញ ដោយឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបាញ់ទម្លាក់។ 

គួរបញ្ជាក់ថា យោធានៃប្រទេសតួកគី បានបញ្ជូនអាវុធនិងកងទ័ពបន្ថែមទៅកាន់តំបន់ Idlib នៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយសម្រុក ដោយកងកម្លាំងស៊ីរីគាំទ្រដោយរុស្ស៊ី ដណ្ដើមយកតំបន់ឈរជើងដ៏ចម្បង ចុងក្រោយរបស់ពួកឧទ្ទាម ក្រោយមានសង្គ្រាមជិត៩ឆ្នាំ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top