ព័ត៌មានអន្តរជាតិ

ក្រុមប្រដាប់អាវុធសម្លាប់ អ្នកភូមិជាច្រើននាក់ នៅសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ

បរទេស៖ ក្រុមប្រដាប់អាវុធមួយក្រុម តាមសេចក្តីរាយការណ៍ បានបាញ់សម្លាប់ជនស៊ីវិល តិចបំផុត២០នាក់ នៅក្នុងប្រតិបត្តិការ វាយឆ្មក់ទាំងកណ្ដាលយប់មួយ ទៅលើភូមិមួយ នៅក្នុងសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។

កងទ័ពនិងអាជ្ញាធរ ក្នុងតំបន់បាននិយាយប្រាប់ថា ក្រុមអ្នកប្រយុទ្ធ ដែលមកពីក្រុមកងជីវពល សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍកុងហ្គោ ដែលបង្កើតចេញពីក្រុមប្រយុទ្ធ ពីក្រុមជនជាតិភាគតិច Lendu នោះ បានវាយប្រហារ ទៅលើភូមិ Ndjala ស្ថិតក្នុងខេត្ត Ituri នៅម៉ោងប្រហែល១អធ្រាត្រថ្ងៃអាទិត្យ។

យោងតាមសេចក្តរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ការបាញ់ប្រហារទៅលើ អ្នកភូមិនេះ គឺជាហេតុការណ៍ដ៏ថ្មីបំផុត នៅក្នុងការផ្ទុះឡើង នៃអំពើហិង្សា របស់ជនជាតិភាគតិច ដែលបានបង្ខំឲ្យមនុស្សចំនួន២០០.០០០នាក់ ចាកចោលផ្ទះសម្បែងខ្លួន ក្នុងរយៈពេលពីរខែ៕

ប្រែសម្រួល៖ប៉ាង កុង

To Top