បរទេស៖រដ្ឋបាលលោក ត្រាំ បានបន្តបង្កើនសម្ពាធ លើប្រទេសអ៊ីរ៉ង់ ដោយដាក់ទណ្ឌកម្មថ្មីមួយ ទៅលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមន្ត្រីដទៃផ្សេងទៀត របស់ទីក្រុងតេអេរ៉ង់ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
សហរដ្ឋអាមេរិកបានចុះបញ្ជីខ្មៅបុគ្គល និងអង្គភាពចំនួន១២ ជាផ្នែកនៃយុទ្ធនាការដាក់សម្ពាធកម្រិតអតិបរិមា បង្ខំឲ្យប្រទេសអ៊ីរ៉ង់បកមករក តុចរចាគ្នា ជុំវិញកម្មវិធីនុយក្លេអ៊ែ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង ដែលធ្វើឡើងក្នុងគោលបំណងទប់ស្កាត់មិន ឲ្យប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ទទួលបានអាវុធនុយក្លេអ៊ែ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារអាមេរិក បាននិយាយប្រាប់ថា ខ្លួននឹងដាក់ទណ្ឌកម្មរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Abdolreza Rahmani Fazli សម្រាប់តួនាទីរបស់លោក ក្នុងការប្រព្រឹត្តរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើប្រជាពលរដ្ឋអ៊ីរ៉ង់ ដោយពន្យល់ថា លោកបានចេញបញ្ជាដល់សិទ្ធិឲ្យកងកម្លាំងអនុវត្តច្បាប់ របស់ទីក្រុងតេអេរ៉ង់ ឲ្យប្រើប្រាស់កម្លាំងដ៏សាហាវទៅលើអ្នកតវ៉ា កាលពីខែវិច្ឆិកា ដោយសម្លាប់ពួកគេរាប់រយនាក់៕