ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសា ធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានសន្យានឹងគាំទ្រពេញលេញ ដល់ការអនុវត្តនយោបាយ កំណែទម្រង់រដ្ឋបាលសាធារណៈ របស់កម្ពុជា ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឲ្យកាន់ជិតស្និទ្ធបន្ថែមទៀត រវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយលោកព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០លោក វ៉ាង វិនធាន បានវាយតម្លៃខ្ពស់ ពីការរីកចម្រើនយ៉ាង រឹងមាំនៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលរបស់កម្ពុជា-ចិន។
លោកបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ទោះបីត្រូវប្រឈម នឹងវិបត្តិសកលនៃកូវីដ១៩ ចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់បន្ថែមទៀត សំដៅសម្រេចគោលដៅ កសាងឲ្យបានសហគមន៍ជោគវាសនារួម។
ជាមួយគ្នានោះលោកបន្ថែមថា “ខ្ញុំសន្យាថានឹងគាំទ្រ ពេញលេញដល់ការអនុវត្តនយោបាយ កំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ដើម្បីរួមចំណែក ពង្រឹង និងលើកកម្ពស់ទំនាក់ទំនង សហប្រតិបត្តិការជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ទៅវិញទៅមក សម្រាប់រដ្ឋាភិបាលនិងប្រជាជននៃ ប្រទេសទាំងពីរ កម្ពុជា-ចិន”។
ក្នុងឱកាសនោះដែរ លោក ព្រុំ សុខា ឯកភាពទាំង ស្រុងលើការវាយតម្លៃរបស់ភាគីចិន ចំពោះសន្ទុះដ៏ខ្លាំងក្លា នៃទំនាក់ទំនងសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ វប្បធម៌ និងការទូត ដែលបានឈានដល់កម្រិតមួយថ្មីទៀត។
លោករដ្ឋមន្រ្តីបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ នឹងត្រូវបានចុះហត្ថលេខា ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លើសពីនេះទៀត ភាគីទាំងពីរ ក៏បានឯកភាពខ្ពស់លើសារសំខាន់ នៃកិច្ចសហប្រតិបត្តិការ លើវិស័យមុខងារសាធារណៈ ពិសេសលើការកសាងអភិវឌ្ឍន៍ សមត្ថភាពធនធានមនុស្ស ដែលជាមន្ត្រីរាជការ បម្រើការងារ រដ្ឋបាលសាធារណៈផងដែរ៕ ដោយ៖ធី លីថូ