ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចុះកិច្ចព្រមព្រៀងធ្វើឲ្យ ប្រក្រតីភាពជាមួយអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន

យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យប្រក្រតីនូវចំណងការទូត ជាមួយអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន នៅឯសេតវិមាន នៅថ្ងៃអង្គារម្សិលមិញនេះ។

 ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចូលរួមជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ រដ្ឋមន្រ្តីក្រសួងការបរទេស អេមីរ៉ាតអារ៉ាប់រួមលោកស្រី Sheikh Abdullah bin Zayed al-Nahyan និងរដ្ឋមន្រ្តីការបរទេសបារ៉ែនលោក Abdullatif bin Rashid Al Zayani ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣ ។

 ពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើង នៅវាលស្មៅខាងត្បូងនៅឯសេតវិមាន ជាផ្លូវការធ្វើឱ្យអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន ក្លាយជាប្រទេសអារ៉ាប់ទីបី និងទីបួនក្នុងការបង្កើតទំនាក់ទំនង ការទូតជាមួយអ៊ីស្រាអែល។ 

 ការចុះហត្ថលេខានេះ ក៏បានបង្ហាញផងដែរថា រដ្ឋបាលលោក ត្រាំ មានបំណងបង្ហាញសមិទ្ធិផល នយោបាយការបរទេសរបស់ខ្លួន និងទទួលបានការគាំទ្រក្នុងចំណោម គ្រីស្ទសាសនាផ្សាយដំណឹងល្អ ដែលគាំទ្រអ៊ីស្រាអែលជាមួយនឹង ការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខនេះ៕

ដោយ ឈូក បូរ៉ា

To Top