ព័ត៌មានអន្តរជាតិ

នាវាពិឃាតអាមេរិក USS Ross ធ្វើសមយុទ្ធការពារដែនអាកាស ជាមួយយន្តហោះចម្បាំង F-16 របស់ណាតូ

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា នាវាពិឃាតទ័ពជើងទឹក សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបញ្ចប់សមយុទ្ធការពារ ដែនអាកាសយុទ្ធសាស្ត្រ ជាបន្តបន្ទាប់មួយ ជាមួយយន្តហោះចម្បាំង របស់អង្គការណាតូ នៅសមុទ្របាល់ទិក។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោក John D. John ជាមេបញ្ជាការលើនាវាពិឃាតនោះ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “សមយុទ្ធនេះ បង្ហាញឲ្យឃើញ នូវឱកាសហ្វឹកហាត់ខុសប្លែកគេ ជាមួយសម្ពន្ធមិត្តណាតូរបស់យើង ដើម្បីបង្កើនសមត្ថភាព រួមបញ្ចូលគ្នារបស់យើង។ ការកសាងអន្តរប្រតិបត្តិការរបស់យើង ជួយបង្ហាញការប្តេជ្ញារួមគ្នារបស់យើង ក្នុងការរក្សាស្ថិរភាព នៅសមុទ្របាល់ទិក”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នាវាពិឃាតសមត្ថភាពមីស៊ីល USS Ross នេះ គឺបានចូលរួម ជាមួយយន្តហោះចម្បាំង F-16 របស់ប្រទេសព័រទុយហ្គាល់៤គ្រឿង ធ្វើការហាត់សមការពារដែនអាកាសនានា៕ ប្រែសម្រួល៖ប៉ាង កុង

To Top