ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ហៅសេចក្តីថ្លែងការណ៍ របស់តួកគីថា ជាវោហារសាស្រ្តសម្រាប់អ្នក ដែលចូលចិត្តសង្គ្រាម

បរទេស៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ា របស់តួកគី ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងគាំទ្រដល់រដ្ឋាភិបាលទីក្រុង បាគូ ប្រទេស អាស៊ែបៃហ្ស៊ង់ ទាំងក្នុងការចរចានិងក្នុងការប្រយុទ្ធ ព្រមទាំងព្រមានផងដែរថា ការវាយប្រហារណាមួយប្រឆាំងនឹង ទឹកដីអាស៊ែបៃហ្ស៊ង់ គឺជាការវាយប្រហារប្រឆាំងនឹងតួកគី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង បានរិះគន់សេចក្តីថ្លែងការណ៍របស់តួកគី ស្តីពីជម្លោះនៅតំបន់ Nagorno-Karabakhថាជា វោហាសាស្ត្រ“ គ្រោះថ្នាក់” និងជាវោហារសម្រាប់អ្នកដែលចូលចិត្តសង្គ្រាម។

លោកបានសង្កត់ធ្ងន់ថា “ ខ្ញុំបានកត់សម្គាល់នូវសេចក្តីប្រកាសនយោបាយរបស់ប្រទេសតួកគី [ដែលគាំទ្រអាស៊ែបៃហ្ស៊ង់] ដែលខ្ញុំគិតថា មិនសមហេតុផលនិងមានគ្រោះថ្នាក់” ។

ប្រធានាធិបតីបារាំងរូបនេះបានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅរដ្ឋធានី រីហ្គា ប្រទេស ឡេតូនី ថា “ ខ្ញុំនឹងនិយាយជាមួយប្រធានាធិបតីពូទីន នៅថ្ងៃនេះហើយខ្ញុំជឿថាជាមួយលោកប្រធានាធិបតី ត្រាំ នៅថ្ងៃស្អែក គឺនឹងលើកឡើងពីបញ្ហានេះដើម្បីផ្លាស់ប្តូរ យោបល់និងស្នើឱ្យមានការបញ្ចៀសផ្លូវចេញពីវិបត្តិ” ។

ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានថ្លែងថា ទីក្រុងអង់ការ៉ានឹងធ្វើ“ អ្វីដែលចាំបាច់” ប្រសិនបើអាហ្សែបែហ្សង់ ស្នើសុំជំនួយយោធា៕ប្រែសម្រួលៈ ណៃ តុលា

To Top