ព័ត៌មានអន្តរជាតិ

ចិន ប្រកាសប្រឆាំងដាច់ខាត នឹងការបង្ក្រាបរបស់ អាមេរិក ទៅលើសហគ្រាសចិន

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន (MOC) បានឲ្យដឹងថា ខ្លួនប្រឆាំងដាច់ខាត ចំពោះវិធានការរបស់សហរដ្ឋអាមេរិកក្នុ ងការហាមឃាត់ ការវិនិយោគរបស់ សហរដ្ឋអាមេរិក នៅក្នុងក្រុមហ៊ុនចិន មួយចំនួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា សហរដ្ឋអាមេរិកបាន ព្រងើយកន្តើយ ចំពោះអង្គហេតុ និងចាត់ទុកក្រុមហ៊ុនចិន មួយចំនួនថាជាក្រុមហ៊ុនគ្រប់គ្រង ដោយយោធា ដែលជាសកម្មភាពមួយ ដែលខ្វះភ័ស្តុតាង និងមិនស្របតាមគោលការណ៍ច្បាប់។

សហរដ្ឋអាមេរិក បានលើកឡើងពីបញ្ហា ស្តីពីសន្តិសុខជាតិម្តងហើយម្តងទៀត រំលោភអំណាចរដ្ឋ និងដាក់ការគាបសង្កត់ជា បន្តបន្ទាប់ទៅលើក្រុមហ៊ុន ចិនមួយចំនួន ដោយរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍មូលដ្ឋាន នៃការប្រកួតប្រជែងទីផ្សារ ដែលសហរដ្ឋអាមេរិក បានអះអាងថា ជាម្ចាស់ជើងឯកក៏ដូចជាច្បាប់ ពាណិជ្ជកម្មអន្តរជាតិ។

អ្នកនាំពាក្យបានបន្ដថា កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងចិន និងសហរដ្ឋអាមេរិក គឺមានអត្ថប្រយោជន៍ទៅវិញទៅមកក្នុងន័យសំខាន់។ ផលប្រយោជន៍របស់ប្រទេសទាំងអស់ គឺមានទំនាក់ទំនងគ្នាយ៉ាងជ្រាលជ្រៅនៅក្នុងយុគសម័យ សកលភាវូបនីយកម្មមួយនេះ៕ដោយ ឈូក បូរ៉ា

To Top