ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,២រ៉ិចទ័រ វាយប្រហារភាគពាយ្យ ប្រទេសឈីលី

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា យោងតាមសេវាកម្មតាមដានគ្រោះរញ្ជួយដីរបស់ឈីលី  បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ អង្រួននៅចម្ងាយ៩៨គីឡូម៉ែត្រស្ថិតនៅភាគពាយព្យនៃក្រុង Constitucion នៃប្រទេសឈីលី នៅវេលាម៉ោង២១និង៥៤នាទីល្ងាច កាលពីថ្ងៃសៅរ៍ ត្រូវនឹងម៉ោង០០និង៥៤នាទីម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅជិតទីក្រុងមាត់សមុទ្រ Constitucion ដែលជាតំបន់ស្ថិតនៅភាគកណ្តាល ប្រទេសឈីលី ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីមានជម្រៅ២០.១៤គីឡូម៉ែត្រ ហើយបើតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៣៤.៦១៩៤ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៧៣.០៧៥៩ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។

យោងតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា ពលរដ្ឋប្រមាណ១០លនាក់ អាចប្រឈមនឹងការរញ្ជួយដីនេះ ក្នុងនោះរួមទាំង ការរស់នៅរបស់ពួកគេ នៅរដ្ឋធានីសាន់ទីយ៉ាហ្គោ ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬខូចខាតទ្រព្យសម្បត្តិនៅឡើយទេ ។ នាយកដ្ឋានធានធានទឹករបស់ឈីលី បានឲ្យដឹងថា គ្រោះរញ្ជួយដីមិនទាន់មានសញ្ញាបញ្ជាក់អំពីរលកយក្សស៊ូណាមិ នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top