ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ឆ្នាំ២០២០៖ ការវាយទម្លុះបានបង្កើតគំរូ សម្រាប់ឱ្យមនុស្សជាតិ បម្រះខ្លួនចេញផុតពីភាពក្រីក្រ

ទាខ្វៃប៉េកាំង ជាម្ហូបប្រពៃណីប្រកបដោយ លក្ខណៈពិសេសដែលឈ្មោះ ល្បីល្បាញទាំងជាតិនិងអន្តរជាតិ ។ គឺដោយសារតែទាខ្វៃនេះ បានជួយស្រុក Luopu នៃតំបន់ Hetian ភូមិភាគស៊ីនជាំងឱ្យបម្រះខ្លួន ចេញផុតពីភាពក្រីក្រ ។

នៅឆ្នាំ២០១៧ ទីក្រុងប៉េកាំងនិងតំបន់ Hetian ភូមិភាគស៊ីនជាំងបានក្លាយជា “ដៃគូជួយលុបបំបាត់ភាពក្រីក្រ” ពោលគឺក្រុងប៉េកាំងជួយស្រុក Luopu ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បី អភិវឌ្ឍរបរចិញ្ចឹមសត្វក្នុងព្រៃឈើ ហើយបានបង្កើតជាមូលដ្ឋាន ចិញ្ចឹមសត្វទាប៉េកាំងធំទីពីរ របស់ចិនក្នុងរយៈពេលដ៏ខ្លី ។

លោក អាបូឡៃទី ហ្សឺជីព ដែលមានអាយុ២៥ឆ្នាំ បានចេះស្ទាត់ក្នុងពេលឆាប់ៗ ក្រោមការបណ្តុះបណ្តាលរបស់ បុគ្គលិកជំនាញបច្ចេកទេស បច្ចុប្បន្ននេះ លោកមានប្រាក់ខែជិត ៣០០០យាន់ប្រាក់ចិន ។ នៅស្រុក Luopu អ្នកដែលបានដើរឆ្ពោះទៅកាន់ផ្លូវ សម្បូរសប្បាយដោយពឹងផ្អែកលើ ឧស្សាហកម្មចិញ្ចឹមទាដូចលោកអាបូឡៃទី ហ្សឺជីពមានចំនួនប្រហែល ៥០០០គ្រួសារ ។

ចាប់តាំងពីឆ្នាំ២០១២មក យោងទៅតាមស្មារតីនៃ អនុសាសន៍របស់លោក ស៊ី ជីនភីង មេដឹកនាំកំពូលរបស់ចិនស្តីពី “ការកាត់បន្ថយភាពក្រីក្រដោយត្រឹមត្រូវ” រដ្ឋាភិបាលចិនបានធ្វើការរៀបចំ ចាត់ចែងការងារមួយចំនួន ឧទាហរណ៍ដូចជា ឱ្យតំបន់រីកលូតលាស់នៅភាគខាងកើត ជួយឧបត្ថម្ភតំបន់ដីគោកភាគខាងលិច ដើម្បីយកឈ្នះលើយុទ្ធនាការពុះពារ ឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ និងសម្រេចភាពសម្បូរសប្បាយជាមួយគ្នា ។

ឆ្លងតាមរយៈការខិតខំប្រឹងប្រែង ជាបន្តបន្ទាប់អស់រយៈពេល ៨ឆ្នាំ ប្រជាជនក្រីក្រនៅតាមជនបទ តាមស្តង់ដារដែលអនុវត្តនាពេលបច្ចុប្បន្ន របស់ចិននៅឆ្នាំនេះបានបម្រះខ្លួន ចេញផុតពីភាពក្រីក្រទាំងអស់ ស្រុកក្រីក្រក៏បានកាត់បន្ថយភាពក្រីក្រ ទាំងអស់ដោយជោគជ័យ ហើយប្រជាជនក្រីក្រនៅតាមជនបទចំនួន ១រយលាននាក់ បានបម្រះខ្លួនចេញផុតពីភាពក្រីក្រផងដែរ ។

លោក Mamadou Fall សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Cheikh Anta Diop របស់សេណេហ្គាល់បានថ្លែងថា រូបមន្តកាត់បន្ថយភាពក្រីក្ររបស់ចិន ជាគំរូសម្រាប់អាហ្វ្រិកក៏ដូចជា ពិភពលោកទាំងមូលផងដែរ ។ ខណៈពេលអត្រាកើតភាពក្រីក្រ នៅតាមជនបទរបស់ចិនបានធ្លាក់ចុះ បរិមាណសរុបនៃសេដ្ឋកិច្ចចិន បានកើនឡើងយ៉ាងខ្លាំង ព្រមទាំងអត្រារួមចំណែកចំពោះ កំណើនសេដ្ឋកិច្ចពិភពលោកនៃ សេដ្ឋកិច្ចចិនក៏បានកើនឡើងផងដែរ ។

ក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅ ចំណូលរបស់ជនជាតិចិន គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើង២៥ដង ដែលមានអត្រារួមចំណែកដល់ កំណើនសេដ្ឋកិច្ចពិភពលោកលើសពី ៣០ភាគរយ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។

លោក Guo Shengxiang សេដ្ឋវិទូអូស្ត្រាលីបានបង្ហាញថា មួយផ្នែក កំណែទម្រង់និងការបើកទូលាយ បានធ្វើឱ្យប្រទេសចិនអាចដោះស្រាយ បញ្ហាភាពក្រីក្រក្នុងលក្ខខណ្ឌចូលរួម ការបែងចែកការងារអន្តរជាតិយ៉ាងស៊ីជម្រៅ មួយផ្នែកទៀត សមិទ្ធផលកាត់បន្ថយភាពក្រីក្រ របស់ចិនបានផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលក្លាយជាកត្តាសំខាន់នៃកំណើន ជានិរន្តរភាពរបស់សេដ្ឋកិច្ចពិភពលោក ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផ្នែកកាត់បន្ថយភាពក្រីក្រ ជាដើមយ៉ាងសកម្មតាមរយៈ ផលិតផលសាធារណៈសកលដូចជា “ខ្សែក្រវាត់និងផ្លូវ”ជាដើម ធ្វើឱ្យអត្ថប្រយោជន៍អភិវឌ្ឍន៍របស់ចិន មានអំណោយផលដល់ប្រទេស​ និងប្រជាជនលើពិភពលោកកាន់តែច្រើន ដើម្បីផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់កិច្ចការកាត់បន្ថយភាពក្រីក្រជាសកល ៕

To Top