Covid-19

ថ្នាំវ៉ាក់សាំងកូវីដ១៩ រុស្ស៊ីមួយសែនដូនបញ្ជូន ទៅដល់ប្រទេសវេណេស៊ុយអេឡា

បរទេស៖ ថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V របស់ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានបញ្ជូនទៅដល់ ប្រទេសវេណេស៊ុយអេឡាហើយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសារធ្វីតធ័រមួយ ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានមានប្រសាសន៍ថា បុគ្គលិកពេទ្យនិងបុគ្គលិកផ្នែកសុខាភិបាល នឹងជាក្រុមមនុស្សដំបូងក្នុងប្រទេស ដែលទទួលបានការចាក់ថ្នាំវ៉ាក់សាំងនោះ ព្រោះតែពួកគេងាយទទួលរង ការឆ្លងពីមេរោគកូរ៉ូណា។

យោងតាមអ្នកឃើញហេតុការណ៍ និងរូបភាពបង្ហាញលើកញ្ចក់ទូរទស្សន៍រដ្ឋ វេណេស៊ុយអេឡា VTV បានឲ្យដឹងថា ដោយបញ្ជូនតាមជើងហោះហើរ ពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ Conviasa ជាក្រុមហ៊ុនដឹកជញ្ជូនរបស់វេណេស៊ុយអេឡា ចេញពីទីក្រុងមូស្គូនោះ ថ្នាំវ៉ាក់សាំងបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងការ៉ាកាស់។

លោក Delcy Rodriguez ជាអនុប្រធានាធិបតីវេណេស៊ុយអេឡា បានមានប្រសាសន៍ថា “នេះគឺជាថ្នាំវ៉ាក់សាំងដែលប្រើលើ វិស័យងាយរងគ្រោះជាមួយ អាទិភាពខ្ពស់បំផុត ជាឧទាហរណ៍ គឺបុគ្គលិកផ្នែកសុខាភិបាល ហើយវាជាថ្នាំវ៉ាក់សាំងដែលដោះស្រាយករណីធ្ងន់ធ្ងរបំផុតរបស់អ្នកជម្ងឺ ដែលមានជម្ងឺរ៉ាំរ៉ៃ”។

គួរបញ្ជាក់ថា អស់រយៈកាលជាច្រើនខែមកហើយ រដ្ឋាភិបាលនៃប្រទេសវេណេស៊ុយអេឡា បាននិយាយថា ប្រទេសអាមេរិកខាងត្បូងមួយនេះ នឹងទទួលបានថ្នាំវ៉ាក់សាំង Sputnik V ចំនួន១០លានដូស ប៉ុន្តែក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំងនោះ មិនបានបញ្ជាក់អំពីតួលេខនេះនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×