Covid-19

រដ្ឋាភិបាលថៃ អះអាងថា មនុស្សទាំងអស់នៅក្នុងប្រទេសថៃ រួមទាំងជនបរទេស និងពលករចំណាកស្រុក នឹងទទួលបានវ៉ាក់សាំងទាំងអស់គ្នា

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សគ្រប់គ្នានៅក្នុងប្រទេសថៃ ទាំងជនជាតិថៃ ជនបរទេស រួមទាំងពលករចំណាកស្រុកផងដែរ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានគុណភាពនិងសុវត្ថិភាព។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការធានាអះអាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទប្រចាំថ្ងៃ នៃមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ-19 នៅឯវិមានរដ្ឋាភិបាល ដោយជំនួយការអ្នកនាំពាក្យ គឺលោកស្រី Apisamai Srirangson ។

លោកស្រីបាននិយាយថា មនុស្សគ្រប់គ្នានៅក្នុងប្រទេស រួមទាំងជនបរទេស អាចទទួលបានវ៉ាក់សាំងនេះ។

លោកស្រីបន្ថែមថា «ការចាក់វ៉ាក់សាំងនឹងរាប់បញ្ចូល ជនបរទេសនិងពលករចំណាកស្រុក។ រដ្ឋាភិបាលមានបំណងផ្តល់ការការពារស្មើៗគ្នា។ ដើម្បីកាត់បន្ថយជំងឺនិងការស្លាប់របស់ជំងឺកូវីដ-19 ការចាក់វ៉ាក់សាំងនឹងមានសម្រាប់ មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។

ដើម្បីការពារសេដ្ឋកិច្ចជាតិនិងសង្គម អ្នកទទួលនឹងជាមនុស្សទូទៅនិងកម្មករ ក្នុងវិស័យសេវាកម្ម ទេសចរណ៍ និងឧស្សាហកម្ម។ និយោជកនឹងត្រូវចំណាយរួមគ្នា សម្រាប់ការចាក់វ៉ាក់សាំង របស់ពលករចំណាកស្រុករបស់ពួកគេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top