ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គំរាមឈប់អនុវត្ដ ពិធីសារបន្ថែម IAEA ប្រសិនបើអាមេរិក មិនដកទណ្ឌកម្ម

តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីរ៉ង់នឹងឈប់អនុវត្តពិធីសារបន្ថែម នៃទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) ប្រសិនបើការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ មិនត្រូវបានលុបចោល នៅប៉ុន្មានថ្ងៃខាងមុខនេះទេ ។

លោក Amir Abdollahian ជំនួយការពិសេស របស់វាគ្មិនសភាទទួលបន្ទុកកិច្ចការអន្តរជាតិ បានលើកឡើងថា ពេលវេលាកំណត់ សម្រាប់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដើម្បីដកទណ្ឌកម្មនឹងផុតកំណត់ក្នុងរយៈពេល ៤ ថ្ងៃ។

លោកបានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ង់ នឹងមិនរង់ចាំការសន្យាទទេទៀតនោះទេ ដែលធ្វើឡើងដោយរបស់សេតវិមាន និងប្រទេសអឺរ៉ុបចំនួន ៣ ទៀតនោះទេគឺ អង់គ្លេស បារាំង និងអាល្លឺម៉ង់។

លោក Abdollahian បានសំដៅទៅលើសកម្មភាព ជាយុទ្ធសាស្ត្ររបស់សភាអ៊ីរ៉ង់ ដើម្បីដកទណ្ឌកម្ម ដែលតម្រូវឲ្យរដ្ឋាភិបាល អ៊ីរ៉ង់បញ្ឈប់ការត្រួតពិនិត្យ ដែលពាក់ព័ន្ធនឹងពិធីសារបន្ថែមរបស់ IAEA គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ក្នុងករណីរដ្ឋបាលសហរដ្ឋអាមេរិក មិនដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់។

ថ្ងៃសៅរ៍ស្អែកនេះអគ្គនាយក IAEA លោក Rafael Grossi នឹងធ្វើទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ ដើម្បីពិភាក្សាអំពីសកម្មភាពនៃការផ្ទៀងផ្ទាត់របស់ទីភ្នាក់ងារនិង “ដើម្បីស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបានពីគ្នាទៅវិញទៅមក សម្រាប់ IAEA ដើម្បីបន្តសកម្មភាពផ្ទៀងផ្ទាត់ចាំបាច់នៅក្នុងប្រទេស” ។

កាលពីខែមករា អ៊ីរ៉ង់បានចាប់ផ្តើមដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ ដែលជាផ្នែកមួយនៃផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដែលត្រូវបានអនុម័តដោយសភាកាលពីខែធ្នូ ឆ្នាំ ២០២០៕ដោយ ឈូក បូរ៉ា

To Top