ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ទទួលបានថ្នាំវ៉ាក់សាំង កូវីដ១៩ដំបូងពីប្រទេសចិន 

បរទេស ៖ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានទទួលថ្នាំវ៉ាក់សាំងកូវីដ១៩ Sinopharm ចំនួន៥០.០០០ដូសដំបូង ដែលបរិច្ចាគឲ្យដោយប្រទេសចិន ស្របពេលដែលអ៊ីរ៉ាក់ កំពុងតែតស៊ូប្រឹងប្រែងដោះស្រាយជាមួយការផ្ទុះឆ្លងកើនឡើង។

យន្តហោះដឹកជញ្ជូនយោធាអ៊ីរ៉ាក់មួយគ្រឿង ដែលដឹកថ្នាំវ៉ាក់សាំងក្រុមដំបូងពីប្រទេសចិននោះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Baghdad International Airport នៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ។
រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ាក់ លោក Hassan al-Tamimi បានមានប្រសាសន៍នៅក្នុងអំឡុងពិធីទទួលមួយដូច្នេះថា “យើងស្នើជាបន្ទាន់ឲ្យមានការដឹកជញ្ជូននេះ ដោយសហការជាមួយស្ថានទូតចិន។ យើងសូមថ្លែងអំណរគុណចំពោះប្រទេសចិន ដែលជួយដល់ប្រជាជនអ៊ីរ៉ាក់”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បាននិយាយថា ថ្នាំវ៉ាក់សាំងទាំងនោះ នឹងត្រូវផ្តល់ជូនបុគ្គលិកសុខាភិបាល មនុស្សចាស់ និងសមាជិកនៃកងកម្លាំងសន្តិសុខជាមុន ហើយទូរទស្សន៍រដ្ឋនិយាយថា ការចាក់ថ្នាំវ៉ាក់សាំងបានចាប់ផ្តើមនៅថ្ងៃអង្គារនេះ៕ប្រែសម្រួល៖ប៉ាង កុង

To Top