ព័ត៌មានអន្តរជាតិ

អាមេរិក​ ចុះបញ្ជីខ្មៅ មេដឹកនាំពីររូប របស់ចលនាពួកហូធី នៅយេម៉ែន

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាពីររូប របស់ចលនាពួកហូធី នៅប្រទេសយេម៉ែន ដោយចោទប្រកាន់ពីបទទិញអាវុធ ពីប្រទេសអ៊ីរ៉ង់ និងរៀបចំការវាយប្រហារនានា ហើយនេះគឺជាការពិន័យដំបូង របស់រដ្ឋបាលលោក បៃដិន លើក្រុមឧទ្ទាមនៅយេម៉ែន ។

ទណ្ឌកម្មនេះ មានភាពផ្ទុយគ្នាជាមួយ នឹងការសម្រេចចិត្តរបស់ក្រសួង ការបរទេសអាមេរិក កាលពីខែមុន ដកការចាត់ទុកជាអង្គការ ភេរវកម្ម លើក្រុមដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ ក្នុងថ្ងៃកាន់តំណែង ចុងក្រោយ ជុំវិញក្តីព្រួយបារម្ភថា ពួកគេនឹងធ្វើឲ្យមានវិបត្តិមនុស្សជាតិ នៅយេម៉ែនកាន់តែខ្លាំង ។

ប៉ុន្តែរដ្ឋបាល របស់លោកប្រធានាធិបតី ចូ បៃដិន នាពេលថ្មីៗនេះ បានបង្ហាញនូវដែនកំណត់ នៃភាពអត់ធ្មត់របស់សហរដ្ឋអាមេរិក ចំពោះចលនាពួកហូធី ដែលគំាទ្រដោយអ៊ីរ៉ង់ និងបានព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងរក្សាបង្កើនសម្ពាធលើថ្នាក់ដឹកនាំក្រុមនេះ ។

ប្រធានការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិបរទេស លោក Andrea Gacki បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍ក្រសួងរតនាគារមួយថា “សហរដ្ឋអាមេរិក នៅតែប្តេជ្ញា លើកកម្ពស់គណនេយ្យភាព នៃថ្នាក់ដឹកនាំពួកហូធី សម្រាប់សកម្មភាពរបស់ពួកគេ ដែលបានរួមចំណែកដល់ការ ធ្វើឲ្យប្រជាជនយេម៉ែនឈឺចាប់ជាខ្លាំង”៕
ប្រែសម្រួល៖ប៉ាង កុង

To Top