ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មបុគ្គល ៧រូប និងអង្គភាពចំនួន ១៤ របស់រុស្ស៊ី លើការបំពុលលោក Alexei Navalny

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ ម្សិលមិញនេះ បានប្រកាសពីការដាក់ទណ្ឌកម្ម និងការរឹតត្បិតប្រឆាំងនឹងបុគ្គល និងអង្គភាពរបស់រុស្ស៊ី ជុំវិញការបំពុល ដែលបានចោទប្រកាន់ លើអ្នករិះគន់វិមានក្រឹមឡាំង គឺលោក Alexei Navalny ។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់ បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទកាសែតមួយថា សកម្មភាពរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងរុស្ស៊ី រួមមានការនាំចេញ និងការរឹតត្បិតទិដ្ឋាការជាដើម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សហគមន៍ស៊ើបការណ៍អាមេរិក បានវាយតម្លៃថាមន្រ្តី នៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី បានប្រើថ្នាំបំពុលសរសៃប្រសាទ ដែលត្រូវបានគេស្គាល់ថា Novichok ដើម្បីបំពុលលោក Navalny កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ។

ប្រទេសរុស្ស៊ី បានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់បែបនេះ ដោយលើកឡើងថា ករណីនេះជាមួយមេបក្សប្រឆាំងរូបនេះ គឺជាកិច្ចការក្នុងស្រុកសុទ្ធសាធ ហើយអន្តរាគមន៍បរទេស មិនត្រូវបានអនុញ្ញាតឡើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងកាលពីខែមករាថា “នេះគឺជាបញ្ហាផ្ទៃក្នុងទាំងស្រុង យើងនឹងមិនអនុញ្ញាត ឱ្យអ្នកណាម្នាក់ជ្រៀតជ្រែក ហើយក៏មិនមានបំណង ស្តាប់សេចក្តីថ្លែងការណ៍បែបនេះដែរ” ។

រតនាគារសហរដ្ឋអាមេរិក កំពុងកំណត់សមាជិកជាន់ខ្ពស់ ៧ រូបនៃរដ្ឋាភិបាលរុស្ស៊ី នេះបើយោងតាមការកោះហៅ។ លើសពីនេះ នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបន្ថែមភាគីចំនួន ១៤ នៅក្នុងបញ្ជីឈ្មោះអង្គភាពរបស់ខ្លួន សម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងផ្នែកផ្សេងៗ នៃផលិតកម្មភ្នាក់ងារជីវសាស្ត្រ និងផលិតកម្មគីមី៕ ដោយ៖ ឈូក បូរ៉ា

To Top