ព័ត៌មានអន្តរជាតិ

ថៃ នឹងអនុញ្ញាតឱ្យធ្វើពិធីបុណ្យចូលឆ្នាំថ្មី នៅខែក្រោយ ដើម្បីទាក់ទាញទេសចរណ៍ឡើងវិញ ប៉ុន្តែត្រូវរក្សាគម្លាត និងកំណត់មនុស្សចូលរួម

បរទេស៖ ពិធីបុណ្យចូលឆ្នាំថ្មី ដែលថៃហៅថា សង្គ្រាន គឺនឹងត្រូវអនុញ្ញាតិឱ្យបន្តនៅខែក្រោយគឺនៅថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំនេះ ដើម្បីជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ច ប៉ុន្តែការអបអរបុណ្យចូលឆ្នាំថ្មីនេះ ត្រូវតែគោរពតាមវិធានត្រួតពិនិត្យជំងឺ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងវប្បធម៌របស់ថៃលោក Itthiphol Kunplome បាននិយាយកាលពីថ្ងៃពុធថា ក្រសួងវប្បធម៌បានគាំទ្រដល់ការ វិលត្រឡប់នៃសកម្មភាពប្រពៃណី និងវប្បធម៌ ដែលជាផ្នែកមួយនៃពិធីបុណ្យនេះ មុនពេលរោគរាតត្បាតវាយប្រហារ។

ទោះយ៉ាងណាត្រូវតែមានវិធានការ គ្រប់គ្រងជំងឺឱ្យបានតឹងរឹង ក្នុងនោះមានទាំងគម្លាតសុវត្ថិភាពសង្គម និងការកំណត់ចំនួនប្រជាជន នៅកន្លែងដែលសកម្មភាពត្រូវបានគ្រោងទុក។

លោក Itthiphol បានបន្តថា “ផ្លូវដែលល្បីល្បាញសម្រាប់សកម្មភាពដូចជា Khao San នឹងត្រូវអនុវត្តតាមវិធានការ ដែលរៀបចំដោយអ្នករៀបចំកម្មវិធី។ សកម្មភាពបុណ្យចូលឆ្នាំថ្មីនេះ អាចជួយជំរុញដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ដែលពេលនេះវ៉ាក់សាំង Covid-19 ត្រូវបានផ្តល់ជូនប្រជាជន៕

ប្រែសម្រួលៈ ណៃ តុលា

To Top