Covid-19

ប្រទេសថៃ នឹងទទួលបានវ៉ាក់សាំងចិន Sinovac ចំនួន ៨០០ ០០០ដូស នៅថ្ងៃទី ២៥ ខែមីនា

បរទេស៖ រដ្ឋមន្រ្តីសុខាភិបាលប្រទេសថៃ លោក Anutin Charnvirakul បាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac ចំនួន ៨០០ ០០០ ដូស នឹងដឹកមកដល់ប្រទេសថៃនៅថ្ងៃទី ២៥ ខែមីនា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា វ៉ាក់សាំងទាំងនោះ គឺនឹងត្រូវផ្តល់ជូនសមាជិកគណៈរដ្ឋមន្រ្តី ដែលមានអាយុក្រោម ៦០ឆ្នាំ ចំណែកអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ដែលរួមទាំងនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ផងនោះ គឺនឹងត្រូវចាក់វ៉ាក់សាំង AstraZeneca នេះបើយោងតាមលោករដ្ឋមន្រ្តី Anutin Charnvirakul។

លោក Anutin បានបន្តថា លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ បានណែនាំដល់គណៈរដ្ឋមន្រ្តីទាំងអស់ ឱ្យចាក់វ៉ាក់សាំងហើយលោករំពឹងថា ពួកគេនឹងទទួលបានការ ចាក់ថ្នាំបង្ការដំបូងនៅថ្ងៃទី១២ ខែមីនា នៅតាមមន្ទីរពេទ្យនានា ពីព្រោះពួកគេនឹងត្រូវត្រួតពិនិត្យរយៈពេល ៣០នាទី បន្ទាប់ពីផលប៉ះពាល់។

រហូតមកដល់ពេលនេះក្រុមហ៊ុនឱសថចំនួន ៤ បានដាក់ពាក្យសុំការយល់ព្រម ចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-19 នៅក្នុងប្រទេសថៃ។ រដ្ឋមន្រ្តីសុខាភិបាលថៃបាននិយាយថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានចំនួនពីរគឺក្រុមហ៊ុន AstraZeneca និង Sinovac ត្រូវបានអនុម័តនិងបញ្ជូនវ៉ាក់សាំង ទៅប្រទេសនេះរួចហើយ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top