ព័ត៌មានអន្តរជាតិ

អ្នកជំនាញ UN៖ យោធាមីយ៉ាន់ម៉ា ទំនងជានៅពីក្រោយ “បទឧក្រិដ្ឋកម្មមនុស្សជាតិ”

ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា អ្នកជំនាញជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកសិទ្ធិមនុស្ស នៅប្រទេសមីយ៉ាន់ម៉ា បានឲ្យកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងតិច៧០នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេធ្វើឃាត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ។

លោក Thomas Andrews បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា កំពុងត្រូវបានគ្រប់គ្រង ដោយរបបឃាតកម្ម និងខុសច្បាប់ ។

មានភ័ស្តុតាងកាន់តែច្រើនឡើងៗ ដែលបង្ហាញថា យោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយ ថ្នាក់ដឹកនាំជាន់ខ្ពស់ដូចគ្នានោះ ឥឡូវទំនងជាជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ រួមមានអំពើឃាតកម្មការបាត់ខ្លួន បង្ខំការធ្វើទុក្ខបុកម្នេញ និងការធ្វើទារុណកម្ម ។

ទន្ទឹមនឹងនេះដែរ គាត់បានសង្កត់ធ្ងន់ថា បទល្មើសបែបនេះ អាចត្រូវបានកំណត់ តែនៅក្នុងតុលាការតែប៉ុណ្ណោះ លោកបានថ្លែងថា មានភ័ស្តុតាងច្បាស់លាស់ដែលថា បទឧក្រិដ្ឋរបស់រដ្ឋាភិបាលយោធា គឺ “ រីករាលដាល “ជាប្រព័ន្ធ” និងជាផ្នែកមួយនៃ” យុទ្ធនាការសម្របសម្រួល” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top