ភ្នំពេញ៖ នៅពេលពិភពលោកបាន និងកំពុងរងការវាយប្រហារ ដោយគ្មានបន្ធូរដៃពីមរោគរាតត្បាត COVID 19ប្រទេសវៀតណាមក្នុងសមាជលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម (CPV) បានកែសម្រួល និងផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំកំពូលរបស់ខ្លួនសំរាប់អាណត្តិ៥ឆ្មាំ ដើម្បីដឹកនាំនយោបាយថ្មី សំដៅរក្សាកំណើនសេដ្ឋកិច្ចនិងបន្តរក្សាតុល្យភាពប្រយោជន៏ជាយុទ្ធសាស្រ្ត ពីភូមិសាស្រ្តនយោបាយក្នុងជម្លោះដណ្តើមកម្មសិទ្ធិតំបន់សមុទ្រចិនខាងត្បូង ដែលវៀតណាមត្រូវប្រឈមនឹងពហុបញ្ហារាប់ចាប់តាំងពីបូរណភាពទឹកដី សេដ្ឋកិច្ច រហូតដល់សន្តិសុខជាតិ ព្រោះអំណាចក្នុងតំបន់របស់សហរដ្ឋអាមេរិកបាននិងកំពុងស្រុតចុះ នៅចំពោះមុខឥទ្ធិពលរីកធំទ្បើងឥតឈប់ឈររបស់ចិន។
វៀតណាមដឹងយ៉ាងច្បាស់ថា មហិច្ឆតាចិនមិនថមថយទ្បើយ នៅតំបន់សមុទ្រខាងត្បូង ហើយចិនបានដាក់សម្ពាធយោធា ដោយផ្ទាល់មកលើទីក្រុងហាណូយ តាមរយៈការសង់មូលដ្ឋាន Missile យុទ្ធសាស្ត្រ Surface-to-air របស់ចិនចំងាយត្រឹមតែ២០ គ.ម ប៉ុណ្ណោះពីព្រំដែនវៀតណាម, ចំណែកអំណាចសហរដ្ឋអាមេរិក ក្នុងតំបន់ចាប់ផ្តើមចុះខ្សោយហើយ ព្រោះលោក Joe Biden, គ្មានពេលធ្វើអ្វីបាន ក្រៅអំពីដោះស្រាយវិបត្តិ COVID 19 នៅសហរដ្ឋអាមេរិក ដែលជាបញ្ហាអាទិភាពទី១, បន្ទាប់មកទៀត គឺសេដ្ឋកិច្ច, រក្សា Status Quo នៅតំបន់មជ្ឈឹមបូព៌ា, សើរើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់, កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងពង្រឹងទ្បើងវិញទំនាក់ទំនងផលប្រយោជន៏ជាយុទ្ធសាស្រ្ត និងជាប្រពៃណីជាមួយសម្ពន្ធ័មិត្ត NATO ដែលត្រូវបានអោយខូចដោយរដ្ឋការលោក Donald Trump។ ដោយទ្បែកតួនាទី ASEAN ក្នុងនាមជាអង្គការតំបន់ ដែលបម្រើអោយផលប្រយោជន៏រួម ក៏លែងសូវសំខាន់ដែរ។ ឃើញសភាពការណ៏ដូចនេះ ទើបវៀតណាមត្រូវតែកែសម្រួល និងផ្លាស់ប្តូរមេដឹកនាំកំពូលរបស់ខ្លួន ដើម្បីសម្របនឹងរបត់នយោបាយតំបន់បច្ចុប្បន្ន។
ប្រទេសវៀតណាមជារដ្ឋកុម្មុយនិស្តមែន ប៉ុន្តែ អំណាចកំពូលមិនមែនស្ថិតក្នុងដៃអគ្គលេខាធិការបក្សតែម្នាក់ ដូចនៅចិន និងកូរ៉េខាងជើងនោះទេ។ នៅវៀតណាមមានរចនាសម្ព័ន្ធអំណាចបួន ដែលធ្វើសេចក្តីសម្រេចចិត្តបែប Consensus គឺ អគ្គលេខាធិការបក្ស , នាយករដ្ឋមន្រ្តី, ប្រធានាធិបតី, និង ប្រធានរដ្ឋសភា ដែលសុទ្ធសឹងតែជ្រើសតាំងដោយការិយាល័យនយោបាយបក្សក្នុងរង្វង់៥ឆ្នាំម្តង។ ក្នុងនោះបុគ្គល ដែលមានអំណាចជាងគេ គឺ អគ្គលេខាធិបក្ស។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលកន្លងមកមានទំនោរទៅរកសហរដ្ឋអាមេរិក ត្រូវផ្លាស់ប្តូរមកធ្វើជាប្រធានាធិបតីវិញ។ លោក Nguyen Phu Trong វ័យ៧៧ឆ្នាំ ដែលមានទំនោរទៅរកចិននៅតែត្រូវបានផ្តល់សេចក្តីទុកចិត្តក្នុងអាណត្តិទី៣ជាអគ្គលេខាធិការបក្សដ៏មានឥទ្ធិពលដដែល។ ឯលោក Vuong Dinh Hue ត្រូវជ្រើសតាំងជាប្រធានរដ្ឋសភា និងលោក Pham Minh Chinh ត្រូវគេរំពឹងថា នឹងត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្រ្តីនៅថ្ងៃទី៥ ខែមសានេះ។ ការការបែងចែកអំណាចជាបួនបែបនេះ គឺជាទម្រង់អំណោយផលដល់វៀតណាមប្រើយុទ្ធសាស្រ្តព្រួញមួយបាញ់បានសត្វពីរ ឬច្រើន យ៉ាងងាយ។
មេដឹកនាំថ្មីរបស់ប្រទេសវៀតណាម នឹងរួមគ្នាដោះស្រាយបញ្ហាធំៗបួនរបស់ជាតិ គឺកូវីដ១៩ សេដ្ឋកិច្ច ការកំចាត់អំពើពុករលួយក្នុងជួរបក្ស និងការរក្សាតួនាទីជាយុទ្ធសាស្រ្តរបស់វៀតណាមរវាងសហរដ្ឋអាមេរិក និងចិន ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយមិនអោយលម្អៀងទៅអាមេរិកពេក។ មេដឹកនាំវៀតណាម អាចនឹងមិនអោយវៀតណាមចូលរួមជាមួយរណសិរ្សប្រជាធិបតេយ្យថ្មីរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ចិនទៀតផង។
កំណែទម្រង់េសដ្ឋកិច្ច Doi Moi ឆ្នាំ ១៩៨៦ បានធ្វើអោយប្រទេសវៀតណាមស្គាល់កំណើនសេដ្ឋកិច្ចធំបំផុតមួយនៅអាស៊ីនិងបានបង្កើតប្រជាជនវណ្ណៈកណ្តាល (Middle Class) បានយ៉ាងច្រើន។ វត្ថុធាតុដើមភាគច្រើនបំផុតរបស់វៀតណាមសំរាប់ផលិតកម្ម គឺនាំមកពីចិន ពោលគឺការដោះដូរពាណិជ្ជកម្មរវាងវៀតណាម និងចិនឈានរហូតដល់ជិត១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ បន្ទាប់ពីសហរដ្ឋអាមេរិក, ចិន គឺជាទីផ្សារនាំទំនិញចេញទី២របស់វៀតណាម។ ក្នុងជម្លោះពាណិជ្ជកម្មចិនអាមេរិកកន្លងមក, វៀតណាមជាប្រទេសទទួលផលច្រើនជាងគេ ដោយសាររោងចក្រធំៗរបស់អាមេរិកបានរើពីចិនមករកស៊ីនៅវៀតណាម ព្រោះ Indo Pacific ត្រូវការវៀតណាមជាចាំបាច់ និងម្យ៉ាងទៀត វៀតណាមមានធនធានមនុស្សសំបូរបែប កម្មករជំនាញច្រើន ច្បាប់វិនិយោគងាយស្រួល អំពើពុករលួយតិច និងតម្លៃពលកម្មថោក៕



