ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការដកទណ្ឌកម្ម ជាដំណាល់កាលបន្តិចម្តងៗ

បរទេស៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ Press TV បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់ ចង់ឲ្យសហរដ្ឋអាមេរិក លើកលែងទណ្ឌកម្មទាំងអស់ដែលដាក់លើប្រទេសខ្លួន និងធ្វើការបដិសេធច្រាលចោល នូវការបន្ធូរបន្ថយបន្តិចម្តង់ៗនៃការដាក់កំហិតនានា។

តាមសេចក្តីរាយការណ៍ មន្ត្រីនាំពាក្យមួយរូបរបស់ក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍ប្រាប់នៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់ ធ្វើការជំទាស់ដាច់ខាត ចំពោះការបន្ធូរបន្ថយទណ្ឌកម្មបន្តិចម្តង់ៗណាមួយ។

ប្រទេសអាមេរិកនិងអ៊ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ពួកគេនឹងប្រារព្ធធ្វើកិច្ចពិភាក្សាប្រយោលនៅក្នុងទីក្រុងវីយែន ចាប់ពីសប្ដាហ៍ក្រោយទៅ ជាផ្នែកនៃការចរចាកាន់តែទូលាយឡើង ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចធំៗនៃពិភពលោក។

គួរបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការផ្តោតសំខាន់ នឹងស្ថិតលើវិធានការនុយក្លេអ៊ែ ដែលអ៊ីរ៉ង់ចាំបាច់ត្រូវតែធ្វើឡើង ក្នុងគោលបំណង វិលត្រឡប់ទៅរកការអនុវត្ត តាមកិច្ចព្រមព្រៀងនោះវិញ៕

ប្រែសម្រួល៖ប៉ាង កុង

To Top