ព័ត៌មានអន្តរជាតិ

ពួកសកម្មប្រយុទ្ធ អាល់សាបាប វាយប្រហារមូលដ្ឋានកងទ័ព២កន្លែង នៅសូម៉ាលី

បរទេស៖ ពួកសកម្មប្រយុទ្ធឥស្លាម អាល់សាបាប តាមសេចក្តីរាយការណ៍ បានធ្វើការវាយប្រហារមូលដ្ឋានកងទ័ពជាតិសូម៉ាលី នៅថ្ងៃសៅរ៍នេះ ហើយកងទ័ពបាននិយាយប្រាប់ថា ទាំងសងខាងសុទ្ធតែមានអ្នករងគ្រោះ ប៉ុន្តែបច្ចុប្បន្ននេះ កងទ័ពកំពុងតែធ្វើការគ្រប់គ្រងលើមូលដ្ឋានទ័ពទាំងនោះ។

សាក្សីឃើញហេតុការណ៍បាននិយាយថា មូលដ្ឋានទ័ព ដែលស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្ រភាគនិរតីនៃរដ្ឋធានី Mogadishu នោះ គឺត្រូវបានរងការវាយប្រហារដោយគ្រាប់បែកចំនួនពីរគ្រាប់ ហើយគ្រាប់បែកទី៣មួយគ្រាប់ បានផ្តោតគោលដៅលើក្បួនរថយន្តកងទ័ពមួយ ដែលចេញពីរដ្ឋធានី ដើម្បីប្រញាប់ទៅកាន់មូលដ្ឋានទ័ពទាំងនោះ ក្រោយមានការវាយប្រហារ។

លោក Hussein Nur ជាមន្ត្រីយោធាមួយរូប បានមានប្រសាសន៍ប្រាប់ថា កងទ័ពបានបាត់បង់ទាហានជាច្រើននាក់ នៅក្នុងហេតុការណ៍វាយប្រហារលើមូលដ្ឋានយោធា Bariire និងមូលដ្ឋានយោធា Awdhigle ប៉ុន្តែមិនបានផ្តល់ចំនួនជាក់លាក់នោះទេ។

លោកបានមានប្រសាសន៍បន្តថា កងទ័ពបានបញ្ជូនកងកម្លាំងជំនួយ ពីបន្ទាយផ្សេងៗ ព្រមទាំងបានសម្លាប់អ្នកវាយប្រហារជាច្រើននាក់ ហើយក្នុងពេលបច្ចុប្បន្ននេះ កងទ័ពកំពុងធ្វើការគ្រប់គ្រងមូលដ្ឋានទ័ពទាំងពីរ និងតំបន់នៅជុំវិញនោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top