ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ព័ន្ធមិត្ដ បើកិច្ចប្រជុំត្រីភាគី លើបញ្ហានៅឧបទ្វីបកូរ៉េ


វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីសន្តិសុខជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នាត្រីភាគី ដើម្បីពិភាក្សាពីការពិនិត្យឡើងវិញ នូវគោលនយោបាយរបស់សហរដ្ឋអាមេរិក លើកូរ៉េខាងជើង និងបញ្ហាក្នុងតំបន់ផ្សេងទៀត។

ទីប្រឹក្សាសន្តិសុខជាតិ បានចែករំលែកការព្រួយបារម្ភរបស់ពួកគេ អំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយ បញ្ហាទាំងនេះតាមរយៈ កិច្ចសហប្រតិបត្តិការត្រីភាគី ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា“ ភាគីទាំង៣ បានឯកភាពលើភាពចាំបាច់ សម្រាប់ការអនុវត្តពេញលេញនៃដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធដោយសហគមន៍អន្តរជាតិ ការពារការរីកសាយអាវុធ និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការទប់ស្កាត់ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា កិច្ចពិភាក្សានេះក៏បានគ្របដណ្តប់ លើបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ការផ្លាស់ប្តូរអាកាសធាតុនិងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុនបានព្រមានដល់កូរ៉េខាងជើង កុំឲ្យបង្កើនស្ថានការណ៍តានតឹង បន្ទាប់ពីប្រទេសនេះបានបាញ់កាំជ្រួចយុទ្ធសាស្ត្រថ្មី ដែលទើបនឹងបង្កើតថ្មីចំនួនពីរគ្រាប់ចូលសមុទ្រខាងកើត។

លោក Ri Pyong Chol លេខាធិការគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េបានឆ្លើយតបថា“ ការលើកឡើងបែបនេះរបស់ប្រធានាធិបតីអាមេរិក គឺជាការរំលោភបំពានដោយគ្មានការបញ្ជាក់អំពីសិទ្ធិ របស់រដ្ឋរបស់យើងក្នុងការការពារខ្លួន និងបង្កហេតុ”៕

ដោយ ឈូក បូរ៉ា

To Top