ព័ត៌មានអន្តរជាតិ

អាមេរិក ដកទណ្ឌកម្មប្រឆាំងនឹង ICC ដែលដាក់ដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានដកទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលកំណត់ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី ចូ បៃដិន បានដកហូតបទបញ្ជាប្រតិបត្តិប្រឆាំងនឹងមនុស្សមួយចំនួននៃអង្គការ ICC ដោយបញ្ចប់ការគំរាមកំហែងបនិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការរឹតត្បិតទិដ្ឋាការទាក់ទងនឹងតុលាការ។

លោកបានលើកឡើងថា “ជាលទ្ធផលទណ្ឌកម្មដែលបាន ដាក់ដោយរដ្ឋបាលមុនប្រឆាំងនឹងរដ្ឋអាជ្ញា ICC លោក Fatou Bensouda និងលោក Phakiso Mochochoko ប្រធានផ្នែកយុត្តាធិការអង្គភាពអនុវត្តន៍ និងសហប្រតិបត្តិការនៃការិយាល័យរដ្ឋអាជ្ញាត្រូវបានដកចេញហើយ”។

លោកបានបន្ថែមថា ក្រសួងការបរទេសក៏បានបញ្ចប់ គោលនយោបាយឆ្នាំ២០១៩ ដាច់ដោយឡែកមួយ ស្តីពីការរឹតត្បិតទិដ្ឋាការលើបុគ្គលិក ICC។ “ការសម្រេចចិត្តទាំងនេះឆ្លុះបញ្ចាំងពីការវាយតម្លៃរបស់យើង ដែលវិធានការ ដែលបានអនុម័ត គឺមិនសមរម្យ និងគ្មានប្រសិទ្ធភាព” ។

ទោះយ៉ាងណាលោក Blinken បានគូសបញ្ជាក់អំពីការមិនចុះសម្រុងគ្នារវាងទីក្រុងវ៉ាស៊ីនតោននិង ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។

លោកបានកត់សម្គាល់ថា “យើងបន្តមិនយល់ស្របយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ ICC ដែលទាក់ទងនឹងស្ថានការណ៍អាហ្វហ្គានីស្ថាន និងប៉ាឡេស្ទីន៕

ដោយ ឈូក បូរ៉ា

To Top