បរទេស៖ រដ្ឋមន្ត្រីការបរទេសលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បាននិយាយថា លោករំពឹងថា ប្រទេសចិន នឹងធ្វើតួនាទីក្នុងការបង្កើតសន្តិភាព រវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងជើង និងបានធ្វើការអញ្ជើញប្រធានាធិបតីចិន ឲ្យធ្វើទស្សនកិច្ច ស្របពេលដែលសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត បានព្រមព្រៀងគ្នាបន្តជំរុញទីក្រុងព្យុងយ៉ាង ឲ្យបំបាត់អាវុធនុយក្លេអ៊ែ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានដកស្រង់សម្តីលោក Chung Eui-yong ដែលមានប្រសាសន៍ដូច្នេះថា “ប្រទេសកូរ៉េខាងត្បូងនិងចិន មានគោលដៅរួមមួយ ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែទាំងស្រុង លើឧបទ្វីបកូរ៉េ និងចំពោះគោលនយោបាយបង្កើតសន្តិភាពអចិន្ត្រៃយ៍”។
ក្រៅពីនោះ លោករដ្ឋមន្ត្រីការបរទេស របស់ប្រទេសកូរ៉េខាងត្បូងរូបនេះ ក៏បានធ្វើការអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឲ្យធ្វើទស្សនកិច្ចប្រទេសលោក នៅពេលដែលមានស្ថិរភាពជម្ងឺកូវីដ១៩។
គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ លោក Chung Eui-yong បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅក្នុងទីក្រុង Xiamen ប្រទេសចិន ជាផ្នែកនៃដំណើរទស្សនកិច្ចដំបូងរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង មកកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៧មក៕
ប្រែសម្រួល៖ប៉ាង កុង
