ព័ត៌មានអន្តរជាតិ

ចិន នឹងធ្វើការជាមួយអាស៊ាន ដើម្បីជំរុញឲ្យមានកិច្ចពិភាក្សា សន្ដិភាពនៅមីយ៉ាន់ម៉ា


ប៉េកាំង៖ ប្រទេសចិន នឹងធ្វើការប្រាស្រ័យទាក់ទង និងសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ខណៈពេលដែលកំពុង ធ្វើការរួមគ្នាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីជំរុញកិច្ចពិភាក្សាសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជួយបន្ធូរបន្ថយស្ថានការណ៍នៅក្នុងប្រទេស នៅពេលឱកាសដំបូងបំផុតនោះ។

រដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យី បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលនៃការផ្លាស់ប្តូរយោបល់គ្នាមួយ ស្តីពីស្ថានភាពមីយ៉ាន់ម៉ា ជាមួយសមភាគីរបស់លោកមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចភាគីទាំង៣ ចាប់ពីថ្ងៃទី ៣១ ខែមីនាដល់ថ្ងៃទី០២ ខែមេសានៅ ទីក្រុងណានពីង ខេត្តហ្វូជាន ប្រទេសចិន ។

នៅពេលជួបពិភាក្សា ជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro Locsin កាលពីថ្ងៃសុក្រ លោកវ៉ាង យី បានសង្ខេបជំហររបស់ចិនចំពោះបញ្ហាមីយ៉ាន់ម៉ាថា មាន“ ការគាំទ្រ៣ និងចៀសវាង៣” ។

លោកបានលើកឡើងថា ប្រទេសចិន គាំទ្រគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយនយោបាយ នៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងក្របខ័ណ្ឌច្បាប់ ហើយដំណើរការផ្លាស់ប្តូរប្រជាធិបតេយ្យ ដែលទទួលបានជោគជ័យគួរតែត្រូវបានធ្វើឲ្យជឿនលឿនឥតឈប់ឈរ។

លោកវ៉ាង យី បានបន្ដថា ប្រទេសចិន គាំទ្រអាស៊ាន ក្នុងការប្រកាន់ខ្ជាប់នូវបទដ្ឋាននៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងចូលរួមប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយសម្រួលដល់ស្ថានភាពមីយ៉ាន់ម៉ា។

លោកបានបន្ថែមទៀតថា ប្រទេសចិន ក៏គាំទ្រផងដែរនូវសំណើឱ្យមានការប្រជុំពិសេសរបស់មេដឹកនាំអាស៊ាន ដើម្បីពិភាក្សាពីដំណោះស្រាយប្រកបដោយប្រសិទ្ធភាព៕

ដោយ ឈូក បូរ៉ា

To Top