ព័ត៌មានអន្តរជាតិ

លោក ឌូតឺតេ បន្តដាក់បម្រាមគោចរ ទប់ស្កាត់ជម្ងឺកូរ៉ូណា នៅក្នុងរដ្ឋធានី និងខេត្តជុំវិញ

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានបន្តដាក់បម្រាមគោចរដ៏តឹងរឹង នៅក្នុងតំបន់រដ្ឋធានី និងខេត្តនៅជុំវិញនោះ យ៉ាងតិចរយៈពេលមួយសប្ដាហ៍ ដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះឡើងជាថ្មីនៃការឆ្លងមេរោគកូរ៉ូណា។ 

នៅក្នុងសេចក្តីប្រកាសមួយផ្សាយលើកញ្ចក់ទូរទស្សន៍ លោក Harry Roque ជាមន្ត្រីនំាពាក្យប្រធានាធិបតី បាននិយាយថា ការរឹតបន្តឹងនានា ដែលរួមមានទាំងបម្រាមលើការធ្វើដំណើរមិនចាំបាច់ ការប្រមូលផ្តុំជួបជុំគ្នាច្រើន និងការពិសាអាហារក្នុងភោជនីយដ្ឋាននានានោះ នឹងនៅតែមានប្រសិទ្ធភាពជាធរមាន យ៉ាងតិចណាស់ក៏មួយសប្ដាហ៍ទៀតដែរ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ បានឲ្យដឹងថា លោក Harry Roque បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះនឹងប្រព្រឹត្តទៅជាមួយការបង្កើនការទប់ស្កាត់ ការរកឃើញ ការដាក់ឲ្យនៅដាច់ដោយឡែក ការតាមដាន និងការស្តារនីតិសម្បទា”។ 

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ដែលមានករណីជម្ងឺកូវីដ១៩និងការស្លាប់ខ្ពស់បំផុតលំដាប់ទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរាយការណ៍ករណីឆ្លងមេរោគកូរ៉ូណាថ្មីចំនួន១២.៥៧៦ករណី នៅថ្ងៃសៅរ៍នេះ ធ្វើឲ្យប៉ះពាល់បន្ថែមទៀត លើប្រព័ន្ធសុខាភិបាល៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top