ប៉េកាំង ៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយថា រដ្ឋាភិបាលទីក្រុងតៃប៉ិ មិនដែល បានសហការ ជាមួយប្រទេសកូរ៉េខាងជើង លើបច្ចេកវិទ្យាផលិត នាវាមុជទឹកឡើយ គឺខ្លួនទទួលបាន ជំនួយគម្រោងនេះ ពីតែប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិ កោះតៃវ៉ាន់ បានសរសេរដោយដាក់ថា ជាព័ត៌មានក្លែងក្លាយ និងថា “យើងមិនដែលមានទំនាក់ទំនង ជាមួយកូរ៉េខាងជើងទេ ហើយមានតែសហការ ជាមួយដៃគូអឺរ៉ុប និងអាមេរិក ប៉ុណ្ណោះ សម្រាប់នាវាមុជទឹក R / D របស់យើង” ។
កាលពីថ្ងៃព្រហស្បតិ៍ កាសែត The National interest បានចុះផ្សាយអត្ថបទមួយដោយលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍នៅឆ្នាំ ២០១៩ អំពីរដ្ឋាភិបាលទីក្រុងតៃប៉ិ និង រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានពិភាក្សាអំពីការផ្ទេរបច្ចេកវិទ្យានាវាមុជទឹក របស់កូរ៉េខាងជើងទៅកាន់កោះតៃវ៉ាន់។
សូមជម្រាបថា កាលពីឆ្នាំ ២០១៦ កោះតៃវ៉ាន់ បានផ្តួចផ្តើមគម្រោងនាវាមុជទឹកក្នុងស្រុក ដើម្បីបំពេញបន្ថែមឱ្យកងនាវាចាស់ របស់ខ្លួន ដែលមាននាវាមុជទឹកចំនួន ៤ គ្រឿង ដោយមាននាវាថ្មីចំនួន ៨ គ្រឿង។ នាវាមុជទឹកដំបូង ដែលនឹងចំណាយអស់ ១,៧ ពាន់លានដុល្លារតៃប៉ិ ត្រូវបានគេរំពឹងថា នឹងត្រៀមរួចរាល់នៅឆ្នាំ ២០២៤ ហើយនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៥ ៕
ប្រែសម្រួលៈ ណៃ តុលា