ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក សម្រេចបិទទីតាំងចាក់វ៉ាក់សាំង Johnson & Johnson បន្ទាប់ពីមានប្រតិកម្មកម្មក្រោយពីចាក់រួច

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា រដ្ឋជាច្រើន នៅសហរដ្ឋអាមេរិក បានសម្រេចបិទជាបណ្តោះអាសន្ន ទីតាំងចាក់វ៉ាក់សាំង បន្ទាប់ពីពលរដ្ឋបានរងគ្រោះ ដោយមានប្រតិកម្ម ក្រោយទទួលការចាក់វ៉ាក់សាំង ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានរាយការណ៍ថា សរុបមានពលរដ្ឋចំនួន១៨នាក់ នៅរដ្ឋ North Carolina បានរាយការណ៍មកថា មានផលប៉ះពាល់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន១១នាក់ នៅរដ្ឋ Colorado មានប្រតិកម្មនៅពេលចាក់ថ្នាំ ដែលមានរោគសញ្ញាមួយចំនួនដូចជា វិលមុខ ក្អួតចង្អោរ និងអស់កម្លាំង ។

រដ្ឋ Georgia ជារដ្ឋទី៣ របស់សហរដ្ឋអាមេរិក នឹងបិទទីតាំងចាក់វ៉ាក់សាំង ជាបណ្តោះអាសន្ន បន្ទាប់ពីរដ្ឋ North Carolina និង Colorado បន្ទាប់ពីពលរដ្ឋចំនួន០៨នាក់ បានរងគ្រោះដោយប្រតិកម្ម ក្រោយពីចាក់វ៉ាក់សាំង ។

ក្រុមមន្ត្រីក្នុងស្រុក បានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជិតៗនេះ ដើម្បីវាយតម្លៃ នៅមុនពេលប្រកាសឲ្យដឹងអំពីផលប៉ះពាល់ ។ អ្នកផ្សេងទៀតចំនួន០៧នាក់ត្រូវបានបញ្ជូនទៅផ្ទះ បន្ទាប់ពីទទួលបានការ ត្រួតពិនិត្យនៅទីតាំងទាំងនោះ ។

មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ របស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC)បានឲ្យដឹងថា ការវិភាគ របស់ខ្លួន “មិនទាន់រកឃើញអំពីបញ្ហា សុវត្ថិភាពណាមួយ ឬមូលហេតុ ដែលបង្កជាបញ្ហានៅឡើយទេ” ។ ទីភ្នាក់ងារ បានផ្តល់ អនុសាសន៍ថា អ្នកផ្តល់ការថែទំាជំងឺ បន្តចាក់ថ្នាំវ៉ាក់សាំង Johnson & Johnson ។

យោងតាមទិន្នន័យផ្លូវការ របស់សហព័ន្ធមួយ ចំនួនបានបង្ហាញថា បញ្ហាមួយទៀត ដែលប្រឈមមុខសម្រាប់ វ៉ាក់សាំង Johnson & Johnson គឺជាវ៉ាក់សាំងដែលធ្វើការចែកចាយ ។ ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ត្រូវបានគេរំពឹង ថា នឹងថយចុះ៨៥ភាគរយ នៅទូទាំងប្រទេស នៅក្នុងសប្តាហ៍នេះ បន្ទាប់ពី ក្រុមហ៊ុនបានរងគ្រោះ ដោយសារបញ្ហាផលិតកម្ម នៅឯរោងចក្រមួយនៅក្រុង Baltimore នៅរដ្ឋ Maryland ។

អ្នកម៉ៅការរោងចក្រមួយ នៅក្រុង Baltimore បានដាក់បញ្ចូលគ្នា នូវវ៉ាក់សាំងកូវីដ១៩ Johnson & Johnson និង AstraZeneca ដោយពន្យាពេលបញ្ជូន ថ្នាំវ៉ាក់សាំងកូវីដ-១៩ Johnson & Johnson នៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top