បរទេស៖ រដ្ឋាភិបាលចិន តាមសចក្តីរាយការណ៍ បាននិយាយប្រាប់ថា សេដ្ឋកិច្ចរបស់ប្រទេស បានកើនឡើង ដល់ទៅ១៨,៣ភាគរយ នៅក្នុងអំឡុងត្រីមាសទីមួយ នៃឆ្នាំ២០២១នេះ។ យោងតាមទិន្នន័យ ដែលបង្ហាញ នៅថ្ងៃសុក្រនេះ ដោយការិយាល័យស្ថិតិជាតិ របស់ប្រទេសចិន កំណើនផលិតផល ក្នុងស្រុកសរុប នាត្រីមាសទីមួយនេះ គឺជាកំណើនខ្ពស់បំផុតលើកំណត់ត្រា ចាប់តំាងពីប្រទេស បានចាប់ផ្តើមរក្សាទុក ស្ថិតិដូចគ្នានេះ ក្នុងឆ្នាំ១៩៩២។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បានធ្វើការកត់សម្គាល់ដូច្នេះថា “សេដ្ឋកិច្ចជាតិ បានបង្កើតការចាប់ផ្តើមដ៏ល្អមួយ”។
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបាននិយាយប្រាប់ថា តួលេខនោះ ជាទូទៅបង្ហាញឲ្យឃើញនូវសន្ទុះបន្តប្រសើរឡើងនៃសេដ្ឋកិច្ចយ៉ាងមានស្ថិរភាព ពីការរាតត្បាតនៃមេរោគកូរ៉ូណា ប៉ុន្តែក្តីព្រួយបារម្ភនៅតែមាននៅឡើយ។
គួរបញ្ជាក់ថា ប្រទេសចិន ដែលជាមហាសេដ្ឋកិច្ចពិភពលោកទីពីរ បានមានសន្ទុះសេដ្ឋកិច្ចធ្លាក់ដល់ចំណុចសូន្យ សម្រាប់ការរាតត្បាត មេរោគកូរ៉ូណា ដែលរកឃើញដំបូង នៅក្នុងទីក្រុងវូហាន ប៉ុន្តែចាប់តាំងពីរដូវរងារ ឆ្នាំ២០២០មក ប្រទេសនេះមានករណីឆ្លង ប្រចាំថ្ងៃកាន់តែទាបឡើង ៕
ប្រែសម្រួល៖ប៉ាង កុង