ញូវដេលី៖ ប្រទេសឥណ្ឌា បានកត់ត្រានូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុតចំនួន ៣១៤,៨៣៥ នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈរលករាតត្បាតលើកទី២ បានបង្កើនការភ័យខ្លាចថ្មីអំពីសមត្ថភាព សេវាសុខភាព ដែលអាចទប់ទល់បាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។
មន្រ្តីសុខាភិបាលនៅទូទាំង ភាគខាងជើង និងខាងលិចនៃប្រទេសឥណ្ឌា រួមទាំងរដ្ឋធានីញូវដេលី បានឲ្យដឹងថា ពួកគេកំពុងមានវិបត្តិដោយមន្ទីរពេទ្ យភាគច្រើនពេញទៅដោយអ្នកជំងឺ និងខ្វះខាតអុកស៊ីសែន។
ក្រុមគ្រូពេទ្យនៅកន្លែងខ្លះបានណែនាំឱ្យអ្នកជំងឺស្នាក់នៅផ្ទះ ខណៈពេលបូជាសពមួយនៅភាគខាងកើតទីក្រុង Muzaffarpur បានឲ្យដឹងថា វាត្រូវបានគ្របដណ្ដប់ដោយសាកសព ហើយក្រុមគ្រួសារដែលសោកសៅត្រូវរង់ចាំវេនរបស់ពួកគេ ដើម្បីបូជាសពរបស់សាច់ញាតិរបស់ខ្លួន។
លោក Shahid Jameel ជាអ្នកជំនាញខាងរោគសាស្ត្រ និងជានាយកសាលា Trivedi of Biosciences នៃសាកលវិទ្យាល័យ Ashoka បានប្រាប់ឲ្យដឹងថា“ ឥលូវនេះគ្មានគ្រែ គ្មានអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់នោះទេ” ។
លោក Krutika Kuppalli ជំនួយការសាស្រ្តាចារ្យនៅផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃរដ្ឋ South Carolina សហរដ្ឋអាមេរិកបានលើកឡើងថា នៅលើបណ្តាញសង្គម Twitter វិបត្តិកំពុងឈានដល់ការដួលរលំនៃប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស។
ការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃនៃករណីឆ្លងត្រូវបានធ្វើឡើងលើសសហរដ្ឋអាមេរិក ដែលមានត្រឹមតែ ២៩៧,៤៣០ ករណីថ្មី នៅថ្ងៃមួយក្នុងខែមករា ទោះបីជាចំនួនសរុបបានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។
ករណីសរុបរបស់ប្រទេសឥណ្ឌាឥឡូវនេះ មានដល់ ១៥,៩៣ លាននាក់ ខណៈដែលការស្លាប់បានកើនឡើងចំនួន ២,១០៤ នាក់ក្នុងមួយថ្ងៃរហូតដល់ ១៨៤,៦៥៧ នាក់នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល៕ដោយ ឈូក បូរ៉ា