បរទេស៖ ប្រទេសថៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ មានស្លាប់ ដោយសារជំងឺកូវីដ-19 ចំនួន ៨ នាក់ទៀត និង បានរកឃើញករណីឆ្លងថ្មី ចំនួន ២ ៨៣៩ នាក់ ដែលក្នុងនោះ អ្នកឆ្លងថ្មី ១ ៥៨២ នាក់ ក្នុងទីក្រុងបាងកក ត្រូវបានគេរាយការណ៍ ដូច្នេះ ប្រទេសថៃ មានអ្នកស្លាប់ កើនឡើងសរុប ១២៩ នាក់ និង អ្នកឆ្លងវីរុស សរុប ៥៣ ០២២ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា អ្នកស្លាប់ទាំង ៨ នាក់នោះ រួមមានប្រុស ៦ នាក់និងស្រី ២ នាក់។
សូមជម្រាបថា ប្រទេសថៃ មានអ្នកឆ្លងវីរុសសរុប ៥៣ ០២២ នាក់ ប៉ុន្តែបានព្យាបាលឱ្យជាសះស្បើយចំនួន ៣០ ៥៦៦ នាក់(៥៧,៦%) , អ្នកជំងឺ ៣៧៧ នាក់ ត្រូវបានអនុញ្ញាតឱ្យចេញ ពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ និង មានអ្នកជំងឺចំនួន ២២ ២២៧ នាក់ កំពុងសម្រាកព្យាបាល ក្នុងចំណោមអ្នកជំងឺដែលឆ្លងជំងឺនេះ គឺមានចំនួន ៤១៨ នាក់ ស្ថិតនៅក្នុងអាការៈធ្ងន់ធ្ងរ និងអ្នកជំងឺ ១១៣នាក់ផ្សេងទៀត ប្រើម៉ាស៊ីនបំពង់ខ្យល់ដកដង្ហើម៕ ប្រែសម្រួល៖ ណៃ តុលា