រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ថារដ្ឋាភិបាលស្រមោល នៃសមាជិកសភា ដែលត្រូវបានបណ្តេញចេញ ពីប្រទេសមីយ៉ាន់ម៉ា បានស្វាគមន៍ការអំពាវនាវ របស់មេដឹក នាំអាស៊ីអាគ្នេយ៍ (អាស៊ាន) ឲ្យបញ្ឈប់ “អំពើហិង្សាយោធា” បន្ទាប់ពីកិច្ចប្រជុំកំពូលស្តីអំពីវិបត្តិរបស់ពួកគេនៅទីក្រុងហ្សាការតា ជាមួយមេដឹកនាំយោធា លោក Min Aung Hlaing ។
គួររំលឹកថា ឧត្តមសេនីយ៍ បានចូលរួមក្នុងកិច្ចប្រជុំកំពូល កម្រិត ខ្ពស់មួយ កាលពីថ្ងៃសៅរ៍ ជាមួយមេដឹកនាំមកពីប្រទេស ទាំង១០ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ដើម្បីពិភាក្សាអំពីវិបត្តិ ដែលកំពុងកើនឡើងរបស់មីយ៉ាន់ម៉ា ។
ចាប់តាំងពីយោធា បានបណ្តេញមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ប្រទេសមីយ៉ាន់ម៉ា កំពុងមានភាពច្របូកច្របល់ ជាមួយនឹងការតវ៉ា ស្ទើរតែរាល់ថ្ងៃ និងការធ្វើពហិកា ការងារទូទាំងប្រទេស លើគ្រប់វិស័យ នៃសង្គមដែលបានទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យ ឡើងវិញ ។
យោងតាមក្រុមជំនួយការឃ្លាំមើល ក្នុងតំបន់សម្រាប់អ្នកទោស នយោបាយ ហៅកាត់ថា (AAPP) បានលើកឡើងថា កម្លាំងសន្តិសុខ បានដាក់ពង្រាយគ្រាប់រំសេវ ពិតដើម្បីបង្ក្រាបការបះបោរ ដែលបានសម្លាប់មនុស្សជាង៧៤០នាក់ នៅក្នុងការបង្ក្រាប ដ៏សាហាវនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា