ព័ត៌មានអន្តរជាតិ

អូស្ត្រាលី បើកស្ថានទូតថ្មី នៅតំបន់ប៉ាស៊ីហ្វិក ស្របពេលឥទ្ធិពលចិនកើនឡើង

បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានបើកស្ថានទូតនៅសាធារណរដ្ឋ Marshall Islands និងប្រទេសប៉ូលីណេស៊ីបារាំង ស្របពេលដែលទីក្រុងកង់បេរ៉ា បង្កើនពន្លឿនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងការ ប្រកួតប្រជែងកំពុងកើនឡើង ពីប្រទេសចិន សម្រាប់ឥទ្ធិពលនៅតំបន់ប៉ាស៊ីហ្វិក។

សេចក្តីថ្លែងការណ៍រួមមួយ ពីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Marise Payne និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ តំបន់ប៉ាស៊ីហ្វិក លោក Zed Seselja បាននិយាយដូច្នេះថា ប្រទេសអូស្ត្រាលីប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូតំបន់ប៉ាស៊ីហ្វិករបស់យើង សម្រាប់តំបន់មួយ ដែលមានភាពរុងរឿងនិងសុវត្ថិភាព”។

ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសអូស្ត្រាលី មានស្ថានទូតចំនួន១៩ នៅតំបន់ប៉ាស៊ីហ្វិក ដោយរួមបញ្ចូលទាំងស្ថានទូតថ្មី ដែលបានបើកក្នុងរយៈពេល៣ឆ្នាំកន្លងទៅ ប្រទេសទូវ៉ាលូ កោះខូក សាធារណរដ្ឋផៅឡូ និងប្រទេសណៀ ហើយអូស្ត្រាលីអះអាងថា មានវត្តមានការទូតដ៏ធំបំផុត នៅតំបន់ប៉ាស៊ីហ្វិក ជាងប្រទេសណាៗទាំងអស់។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ ប្រទេសអូស្ត្រាលី បានប្រកាសប្រាប់ថា ខ្លួននឹងដកកិច្ចព្រមព្រៀងរដ្ឋាភិបាលរដ្ឋមួយ ដែលចូលរួមជាមួយគោលគំនិត ក្រវ៉ាត់ផ្លូវរបស់ប្រទេសចិន ដោយនិយាយថា វាមិនស្របទៅនឹង គោលនយោបាយបរទេសជាតិ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top