ប៉េកាំង៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានផ្តល់សុពលភាព វ៉ាក់សាំងកូវី-១៩ ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Sinopharm របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់ ដែលជាការស្វាគមន៍ យ៉ាងទូលំទូលាយ ពីសំណាក់មន្រ្តី និងអ្នកជំនាញទូទាំងពិភពលោក ហើយបានផ្តល់អត្ថប្រយោជន៍ ដល់ការប្រយុទ្ធជាសកល ប្រឆាំងនឹងជំងឺរាតត្បាត។
លោកស្រី Musarrat Amin អ្នកវិភាគសន្តិសុខ យុទ្ធសាស្ត្រប៉ាគីស្ថាន បានលើកឡើងថា នេះគឺជា “ជោគជ័យដ៏ធំធេង និងមានអត្ថប្រយោជន៍ សម្រាប់ពិភពលោក” ពីព្រោះវ៉ាក់សាំង Sinopharm COVID-19 មានសុពលភាព ដោយអង្គការសុខភាពពិភពលោក បង្ហាញថា មានប្រសិទ្ធិភាពណាស់នៅក្នុងប្រទេសនានា រួមទាំងប្រទេសប៉ាគីស្ថាន ដែលជាកន្លែង ដែលវ៉ាក់សាំងនេះ ត្រូវបានគេប្រើប្រាស់។
លោកស្រីបានបន្ដថា បច្ចុប្បន្ននេះពិភពលោក កំពុងរងគ្រោះ ដោយសារវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ហើយវ៉ាក់សាំង Sinopharm គឺជាពរជ័យដោយសារតែតម្រូវការផ្ទុក ងាយស្រួល របស់វាដែលនឹងធ្វើឱ្យ វាក្លាយជាវ៉ាក់សាំង ដែលគួរឱ្យចង់បាន សម្រាប់សេដ្ឋកិច្ច ដែលមានប្រាក់ចំណូលទាប នៃបណ្តាប្រទេស លើពិភពលោក។
លោកស្រីបានបន្ថែមថា វ៉ាក់សាំង Sinopharm ដែលត្រូវបានបញ្ចូល ទៅក្នុងកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក គឺជាការជួយសង្គ្រោះដ៏ធំធេង សម្រាប់បណ្តាប្រទេស ពិភពលោកទី៣ ។
COVAX គឺជាគំនិតផ្តួចផ្តើមមួយដែលដឹកនាំ ដោយភាពជាដៃគូ និងទីភ្នាក់ងារអន្តរជាតិ រួមទាំងអង្គការសុខភាពពិភពលោក ដើម្បីធានាថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានចែកចាយ ដោយស្មើភាពគ្នា។
លោកស្រីបានបន្ថែមទៀតថា ការអនុម័តឲ្យប្រើប្រាស់ ជាបន្ទាន់របស់វ៉ាក់សាំង Sinopharm របស់អង្គការសុខភាពពិភពលោក គឺជាជំហានឈានទៅរក ទិសដៅត្រឹមត្រូវ និងជាការប៉ុនប៉ងដ៏ល្អមួយ ដើម្បីជួយកម្ចាត់មេរោគឆ្លង នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕
ដោយ ឈូក បូរ៉ា