រ៉ាម៉ាឡា៖ ភាពតានតឹងរវាង កម្លាំងសន្តិសុខអ៊ីស្រាអែល និងក្រុមបាតុករប៉ាឡេស្ទីន នៅយេរ៉ូសាឡឹមខាងកើត បានបន្តរហូតដល់យប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទនេះ ដោយប្រជាជនប៉ាឡេស្ទីនសរុបជាង ៣០០ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាកាលពីចុងសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការប្រឈមមុខដាក់គ្នា នៅបរិវេណវិហារអ៊ីស្លាមអាល់អាសា ក្នុងទីក្រុងចាស់របស់ក្រុងយេរូសាឡឹម ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានសេចក្តី សម្រេចរបស់តុលាការ ដែលបានព្យាយាម បណ្តេញក្រុមគ្រួសារ ប៉ាឡេស្ទីន ជាច្រើន ចេញពីផ្ទះរបស់ពួកគេ នៅសង្កាត់ Sheikh Jarrah ភាគខាងកើតក្រុងយេរូសាឡឹម។
ទោះបីមានភាពវឹកវរ នៅចំណុចផ្ទុះក៏ដោយ ប៉ូលីសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យបានផ្តល់ភ្លើងខៀវ ដល់ការដើរព្យុហយាត្រា ប្រចាំឆ្នាំ នៅទីក្រុងយេរ៉ូសាឡឹម ដោយបង្កើនលទ្ធភាព នៃការប៉ះទង្គិចគ្នាបន្ថែមទៀត និងការកើនឡើង នៃភាពតានតឹង នៅក្នុងតំបន់។
សហគមន៍អន្តរជាតិ បានសម្តែងការព្រួយបារម្ភ ជុំវិញភាពតានតឹងរបស់ ប៉ាឡេស្ទីន-អ៊ីស្រាអែល ដោយអំពាវនាវ ឱ្យអ៊ីស្រាអែល អនុវត្តការអត់ធ្មត់ ជាអតិបរមា គោរពសេរីភាពបាតុកម្មអហិង្សា និងបញ្ឈប់ផែនការ បណ្តេញចេញរបស់ខ្លួន៕
ដោយ ឈូក បូរ៉ា